ចាន់ រតនា ជួបជាមួយ Eko Roni Saputra របស់ឥណ្ឌូណេស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ

0
535

ចាន់ រតនា កីឡាករប្រដាល់ក្បាច់គុណសេរី របស់កម្ពុជា (Mix Martial Art) ត្រូវប្រកួតជាមួយ កីឡាករ Eko Roni Saputra របស់ឥណ្ឌូណេស៊ី សម្រាប់ព្រឹត្តិការណ៍ One Lights Out នៃសង្វៀន One Champion នៅប្រទេសសិង្ហបុរី នាថ្ងៃទី១១ ខែមីនា ។ ការប៉ះគ្នានៅលើសង្វៀននេះ សមតាមបំណងរបស់អ្នកទាំងពីរ ដែលធ្លាប់បានបង្ហាញចិត្តចង់ប្រកួតជាមួយគ្នា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។

 ចាន់ រតនា ជឿជាក់ថា ខ្លួនអាចយកឈ្នះលើការប្រកួតជាមួយកីឡាករ Eko Roni Saputra បាន ដើម្បីរក្សាកំណត់ត្រាផ្ដួលកីឡាករមកឥណ្ឌូណេស៊ី។ កីឡាកររូបនេះ ធ្លាប់ឈ្នះការប្រកួតលើឆាកអន្ដរជាតិ ចំនួន៦ដងរួចមកហើយ ក្នុងនោះ ក៏បានផ្ដួលគូប្រកួតឲ្យសន្លប់ ដូចជាកីឡាករ ABRO Fernandes និង Rudy Agustain របស់ឥណ្ឌូណេស៊ី ។ ដូចនេះ Eko Roni គឺជាកីឡាករឥណ្ឌូណេស៊ីទី៣ ដែលត្រូវជួប ចាន់ រតនា ។

តាមរយៈគេហទំព័រ One Fight Champion កីឡាករកម្ពុជារូបនេះ បាននិយាយថា៖«ខ្ញុំ រីករាយនិងជួប Eko Roni Saputra ។ ខ្ញុំ គិតថា Eko Roni ចង់ប្រកួតជាមួយគូប្រកួត ដែលត្រូវបានផ្គូរផ្គងឲ្យណាស់ ។ គាត់ពិតជាល្អ ដូច ABRO Fernandes និង Rudy Agustain មកពីឥណ្ឌូណេស៊ីដែរ តែសម្រាប់ការប្រកួត ខ្ញុំត្រូវតែរក្សាកំណត់ត្រាដ៏ល្អរបស់ខ្ញុំ ដែលប្រកួតមិនដែលចាញ់ជាមួយកីឡាករឥណ្ឌូណេស៊ី» ។

ដោយឡែក Eko Roni Saputra ដែលបានប្រកាសចង់ប្រកួតជាមួយ ចាន់ រតនា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១កន្លងមកនោះ បានអះអាងថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីផ្ដួល ចាន់ រតនា សងសឹកឲ្យមិត្តភក្តិរបស់ខ្លួន។ កីឡាករឥណ្ឌូណេស៊ីរូបនេះ ចាត់ទុកការប្រកួតជាមួយ ចាន់ រតនា នឹងក្លាយជាការប្រជែងយ៉ាងខ្លាំង សម្រាប់ខ្លួន ។

«ចាន់ រតនា ធ្លាប់ប្រកួតឈ្នះមិត្តរបស់ខ្ញុំ ។ វា នឹងក្លាយជារឿងលំបាកណាស់សម្រាប់ប្រកួតជាមួយ រតនា ដូច្នេះ រឿងដែលសំខាន់ គឺខ្ញុំបានរង់ចាំការប្រកួតនេះ ។ រតនា គឺជាកីឡាករប្រដាល់ក្បាច់គុនសេរីកម្ពុជា ដែលបានប្រើក្បាច់គុណខ្មែរប្រកួត ហើយគាត់បានអភិវឌ្ឍបច្ចេកទេស និងជំនាញរបស់គាត់បានយ៉ាងល្អ» ។ Eko Roni Saputra និយាយដូច្នេះ ។

គួរបញ្ជាក់ដែរថា កីឡាករចាន់ រតនា បានប្រឡូកក្នុងការប្រកួតប្រដាល់គុនខ្មែរតាំងពីអាយុ១៧ឆ្នាំ ។ ការប្រកួតជាង៩០លើកកន្លងមក រូបគេប្រកួតមិនដែលចាញ់ ឬសន្លប់ក្រោមស្នាដៃគូប្រកួតឡើយ។ ចាន់ រតនា ក៏ជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ តៃក្វាន់ដូ ។ ក្នុងឆ្នាំ២០១៤ កីឡាករវ័យ៣៥ឆ្នាំនេះ បានសម្រេចចិត្តចូលប្រកួតនៅ One Championship ៕