ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ U23 ស្ថិតនៅពូល G ជាមួយអ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC U23 Asian Cup ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ កម្ពុជា រ៉ាប់រងធ្វើម្ចាស់ផ្ទះក្នុងវគ្គជម្រុះពូល G នេះ។
ការចាប់ឆ្នោតរើសពូល AFC U23 Asian Cup 2026 ដែលធ្វើឡើងក្នុងក្រុងគូឡាឡាំពូ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៩ ខែឧសភា មាន៤៤ប្រទេសចូលរួម ដោយបែងចែកជា១១ពូលពី A ដល់ K ក្នុងមួយពូលមាន៤ក្រុម។
ការប្រកួតវគ្គជម្រុះតាមពូល នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមដែលឆ្លងផុតវគ្គជម្រុះ នឹងត្រូវបន្តទៅកាន់ការប្រកួតជុំចុងក្រោយ ដែលអារ៉ាប៊ីសាអូឌីត ធ្វើម្ចាស់ផ្ទះនៅឆ្នាំ ២០២៦។

ការប្រកួតក្នុងវគ្គជម្រុះ AFC U23 Asian Cup ត្រូវដណ្តើមគ្នាយក១៥ក្រុម ដោយមិនរាប់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ដើម្បីឡើងទៅជុំចុងក្រោយ។ ចំណោម១៥ក្រុម ត្រូវយកក្រុមឈរលេខ១តាមពូលទាំង១១ និងចំណាត់លេខ២ល្អបំផុតចំនួន៤ក្រុម។
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ ជប៉ុន ជាម្ចាស់ជើងឯក AFC U-23 Asian Cup ឆ្នាំ២០២៤ តាមរយៈការយកឈ្នះអ៊ូសបេគីស្ថាន ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រុមដែលនឹងក្លាយជាម្ចាស់ជើងឯក AFC U23 Asian Cup ឆ្នាំ ២០២៦ នឹងទទួលបានកៅអីទៅអូឡាំពិក Los Angeles ឆ្នាំ ២០២៦ នៅទឹកដីអាម៉េរិកផងដែរ៕
© អត្ថបទដើម : thmeythmey.com
