ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ត្រូវតទល់អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ នៅវគ្គជម្រុះជុំទី៤ តំបន់អាស៊ី ដើម្បីដណ្តើមកៅអី FIFA World Cup ឆ្នាំ២០២៦។ ប៉ះសុទ្ធតែក្រុមខ្លាំងតំបន់អារ៉ាប់ តើលោក Patrick Kluivert អាចជួយក្រុមអាស៊ីអាគ្នេយ៍មួយនេះ បង្ហាញមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងក្រោយទទួលឯករាជ្យ បានដែរឬទេ?។
ក្នុងពិធីចាប់ឆ្នោតរើសពូល នៃវគ្គជម្រុះជុំទី៤ តំបន់អាស៊ី នៅទីស្នាក់ការកណ្តាលហព័ន្ធបាល់ទាត់អាស៊ី (AFC) ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ខែកក្កដា ក្រុមឥណ្ឌូណេស៊ី ស្ថិតនៅពូល B ជាមួយអ៊ីរ៉ាក់ និងអរ៉ាប៊ីសាអូឌីត ដែលត្រូវរ៉ាប់រងធ្វើម្ចាស់ផ្ទះក្នុងពូលនេះ។ ពូល A ដែលកាតា ធ្វើម្ចាស់ផ្ទះ ត្រូវទទួលអេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់។ ជំនួបដំបូងនៅធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥។
ក្នុងវគ្គជម្រុះជុំទី៤នេះ ក្រុមកំពូលតារាងនៃពូលនីមួយៗ នឹងទទូលបានកៅអី ទៅ World Cup ដែលរៀបចំនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ដោយស្វ័យប្រវត្តិ ស្របពេលក្រុមលេខ២ បន្តទៅវគ្គ Playoff អន្តរទ្វីប ហើយក្រុមបាតតារាងហាលអាវ។
ក្រោមការដឹកនាំរបស់អតីតតារាបាល់ទាត់ Barcelona និងជម្រើសជាតិហូឡង់លោក Kluivert ឥណ្ឌូណេស៊ី ជាក្រុមតែមួយគត់ពីអាស៊ីអាគ្នេយ៍ដែលឈានទៅដល់វគ្គនេះ និងដើម្បីប្រជែងកៅអី ឡើងឱ្យដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៣៨ ផងដែរ។
ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការបង្ហាញមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងចាប់តាំងពីក្លាយជាប្រទេសឯករាជ្យ ឥណ្ឌូណេស៊ីបាន ចំណាយថវិកាច្រើនសន្ធឹក ដោយបញ្ចូលកីឡាករចូលសញ្ជាតិហូឡង់ច្រើនរូប។
លើសពីនេះ លោក Jordi Cruyff ដែលកូនប្រុសរបស់វីរបុរសបាល់ទាត់ហូឡង់ Johan Cruyff ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ដើម្បីធ្វើការជាមួយលោក Kluivert។
អ្វីៗអាចដំណើរការមកដល់ពេលនេះបាន ដោយសារមានលោក Erick Thohir ដែលជាប្រធាន PSSI។ មហាសេដ្ឋីឥណ្ឌូណេស៊ី រូបនេះ ចូលរួមយ៉ាងសកម្ម រហូតនាំឥណ្ឌូណេស៊ីអាចចាត់ទុកថាជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។
ឥណ្ឌូណេស៊ី ធ្លាប់បង្ហាញខ្លួននៅ World Cup លើកដំបូងនៅឆ្នាំ ១៩៣៨ ដែលបារាំងធ្វើម្ចាស់ផ្ទះ ស្របពេលពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមហូឡង់។
ក្រុមពីតំបន់អាស៊ីដែលបានកៅអី World Cup ឆ្នាំ ២០២៦ រួចស្រេច រួមមាន អូស្ត្រាលី ជប៉ុន ហ្ស៊កដានី អ៊ីរ៉ង់ កូរ៉េខាងត្បូង និងអ៊ូសបេគីស្ថាន៕