បឹងកេត ស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានសម្ដេច ហ៊ុន សែន នាថ្ងៃទី២៣ មីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ ល្ងាច។ ពានរង្វាន់នេះ គឺជាក្ដីសង្ឃឹមចុងក្រោយ របស់លោក Conor Nestor គ្រូបង្វឹកបឹងកេត ក្នុងការប្រជែងយក នារដូវកាល ២០២៤-២០២៥ ខណៈ ក្រុមនេះ អស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា។
បឹងកេត ហាក់បីដូចជាពិបាក ប្រជែងយកឈ្នះ លើក្រុមព្រះខ័នរាជស្វាយរៀង ដោយមិនធ្លាប់ឈ្នះសោះ ក្នុងការប្រកួតលីគកំពូលកម្ពុជា នារដូវកាល ២០២៤-២០២៥។ ជួបគ្នា ៤លើកចុងក្រោយ បឹងកេត ចាញ់ព្រះខ័នរាជស្វាយរៀង ទាំងអស់។ នាថ្ងៃទី៦ វិច្ឆិកា ២០២៤ បឹងកេត ចាញ់ ក្នុងលទ្ធផល២-១ ហើយចាញ់ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី១២ ខែមករា ២០២៥, ចាញ់ក្នុងលទ្ធផល១-០ កាលពីថ្ងៃទី២៣ កុម្ភៈ ២០២៥ និងបន្ដចាញ់ លទ្ធផល១-០ នាថ្ងៃទី២០ មេសា ឆ្នាំ២០២៥។
ប្រៀបធៀបលើការប្រកួតលីគ បឹងកេត មានគម្លាត់ឆ្ងាយពីព្រះខ័នរាជស្វាយរៀង ដោយព្រះខ័នរាជស្វាយរៀង នៅចំណាត់ថ្នាក់លេខ១ ឆ្លងកាត់ ២៦ប្រកួត ឈ្នះ២២ ស្មើ១ និងចាញ់៣។ រីឯ បឹងកេត ក្រុមនេះ ឆ្លងកាត់ ២៦ប្រកួត ឈ្នះ១០ ស្មើ៤ និងចាញ់ ១២ប្រកួត។
ដោយឡែក ព្រះខ័នរាជស្វាយរៀង ធ្លាប់ទម្លាក់ បឹងកេត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម្ដងរួចហើយ ក្នុងពានសម្ដេច ហ៊ុន សែន លើកទី១៧ នារដូវកាល២០២៣-២០២៤។ ជើងទី១ នៅថ្ងៃទី៦ មីនា ២០២៤ ព្រះខ័នរាជស្វាយរៀង ឈ្នះ លទ្ធផល៣-១ ហើយជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១០ មេសា ២០២៤ បឹងកេត ឈ្នះ លទ្ធផល២-១ ដែលជាហេតុនាំឲ្យបឹងកេតចាញ់គ្រាប់បាល់នៃជើងទី១។
រីឯ លោក Conor Nestor គ្រូបង្វឹកបឹងកេត ក៏ដូចជាកូនក្រុមខ្លួន ដាក់គោលដៅខ្លាំងក្នុងការប្រជែងយកពានរង្វាន់មួយនេះ ព្រោះក្រុមខ្លួន បានរបូតឱកាសប្រជែងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះហើយ។
តើបឹងកេត អាចឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ ខណៈត្រូវជួបគូប្រជែង ដ៏ខ្លាំងនេះ?
ចំណែកការប្រកួតរវាង ភ្នំពេញក្រោន និងវិសាខា នៅកីឡដ្ឋាន Smart RSN ការប្រកួតនេះ ជើងទី១ ត្រូវបានលើកពេលពីថ្ងៃទី២៣ មេសា ទៅថ្ងៃទី៣០ មេសាវិញ៕
