មូលហេតុដែលជំរុញ Nico Williams បន្តនៅ Bilbao បដិសេធសំណើ Barca

8

Nico Williams ដៃគូល្អជាមួយនឹង Lamine Yamal នៅជម្រើសជាតិអេស្ប៉ាញ ចង់បន្ត និងបង្កើតប្រវត្តិសាស្រ្តនៅក្លិបកំណើត Athletic Bilbao ដោយច្រានចោលសំណើពីសំណាក់ក្លិប Barcelona។ ដោយមានការជំរុញបន្ថែមពីក្រុមគ្រួសារ និងមានបងប្រុសជាប្រធានក្រុម Bilbao ផងជាមូលហេតុអន្ទងចិត្ត Williams ឱ្យបន្តកិច្ចសន្យាជាមួយក្លិបរហូតដល់​ ឆ្នាំ២០៣៥។

Barcelona ជាក្លិបមួយបានព្យាយាមទិញយក Nico William តាំងពី១ឆ្នាំ មុនមកម្ល៉េះ ហើយនៅទីផ្សារដោះដូរកាលពីខែមុន ក្លិបរហស្សនាមអ្នកមានបុណ្យបានត្រៀមប្រាក់ប្រមាណ ៥៨លានអឺរ៉ូ (៦៧លានដុល្លារ) សម្រាប់ខ្សែបម្រើស្លាបអន្តរជាតិអេស្ប៉ាញរូបនេះ។

ទោះយ៉ាងណា ដើម្បីបញ្ចប់រឿងរ៉ាវចចាមអារ៉ាមនៃការផ្ទេរជាមួយនឹងក្លិប​ Barca កីឡាករវ័យ២៣ឆ្នាំ ពេលថ្មីៗនេះ បានចុះកិច្ចសន្យាបន្ថែមជាមួយនឹង Athletic Bilbao ដល់ឆ្នាំ២០៣៥។ 

ក្រោយពីសម្រេចចិត្តចង់បង្កើតប្រវត្តិសាស្រ្ត នៅក្លិបដើមកំណើតតាំងពីអាយុ ១១ឆ្នាំ មក Williams បានបកស្រាយពីឆន្ទៈដូច្នេះថា៖«ខ្ញុំមានអារម្មណ៍ថា យើងមានពេលវេលាច្រើនរដូវកាលថែមទៀត និងមានមហិច្ឆតាខ្លាំងក្នុងការប្រជែងពានរង្វាន់ដូចជា UEFA Champions League ដែលមនុស្សគ្រប់គ្នាចង់បាន។ រឿងនេះធ្វើឱ្យខ្ញុំចង់សម្រេចឱ្យបានជាមួយនឹងក្លិបដែលជាក្លិបកំណើតរបស់ខ្ញុំ។ ខ្ញុំចង់បន្តបង្កើតប្រវត្តិសាស្ត្រនៅទីនេះ ជាមួយក្រុមគ្រួសារ និងក្រុមដោយភាពរីករាយ។»។

ទីក្រុង Bilbao ប្រទេសអេស្ប៉ាញទៀតសោត ជាទីកន្លែងដែលក្រុមគ្រួសាររបស់ ​Nico Williams រស់នៅអស់រយៈពេលជាយូរមកហើយ។

​រំឭកទៅកាលព្រឹត្តិការណ៍ Euro 2024 កីឡាករវ័យ ២៣ឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ និងក្លាយជាកីឡាករខ្សែប្រយុទ្ធគួរឱ្យចាប់អារម្មណ៍បំផុត និងជាដៃគូដ៏ល្អជាមួយនឹងយុវជន Lamine Yamal វ័យ ១៨ឆ្នាំ។ ក្លិបធំៗមាន Bayern Munich, Arsenal និង Chelsea ជាដើមធ្លាប់ព្យាយាមចង់បាន Nico Williams ទៅរួមក្រុម។

​​Nico Williams ចូលរួមក្លិប Athletic Bilbao តាំងតែអាយុ ១១ឆ្នាំ ដោយបានលេងជាមួយបងប្រុសបង្កើតរបស់គេឈ្មោះ Inaki Williams ដែលជាសមាជិកជម្រើសជាតិហ្គាណា ហើយនឹងក្លាយជាប្រធានក្រុម Bilbao នៅរដូវកាលក្រោយទៅ។ កីឡាករវ័យ ២៣ឆ្នាំ បានចាត់ទុកបងប្រុសខ្លួនជានិមិត្តរូបដ៏ល្អមួយរូប ស្ថិតក្នុងក្រុម ហើយតែងតែមានភាពជាអ្នកដឹកនាំ ជំរុញស្មារតីក្រុមឱ្យប្រកួតប្រជែងកាន់តែខ្លាំង។

ដោយឡែកបើតាមការបញ្ជាក់របស់លោក Mikel Gonzalez ប្រធានផ្នែកកីឡារបស់ក្លិប Bilbao បានបញ្ជាក់បន្ថែមថា កត្តាគ្រួសារជារឿងសំខាន់បំផុតសម្រាប់ Williams និងសម្រាប់បងប្រុសរបស់គេ ដែលបានជួយរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តដំណើររបស់កីឡាករវ័យ ២៣ឆ្នាំ ជាមួយនឹងក្លិប៕