ការប្រកួតសប្ដាហ៍ទី៣២ គឺជាសប្ដាហ៍ចុងក្រោយ នៃពានរង្វាន់ Cambodian Premier League 2024-2025។ ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគ មាន ៧៦ពិន្ទុ រីឯជើងឯករង ភ្នំពេញក្រោន មាន៦៩ពិន្ទុ ខណៈលេខ៣ វិសាខា មាន៦២ពិន្ទុ។
សម្រាប់ក្រុមកងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៨ មាន៣៤ពិន្ទុ។ លោក ភា សុភក្ដ្រា នៅតែដាក់គោលដៅយកឈ្នះលើប្រកួតចុងក្រោយនេះ បើទោះជាក្រុមមិនប្រជែងយក Top 6 ក៏ដោយ។ គ្រូបង្វឹករូបនេះ គ្រាន់តែរំពឹងថា កីឡាករក្រុមកងយោធពលខេមរភូមិន្ទ អាចជាប់ជម្រើសជាតិ សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិខាងមុខ តាមរយៈការប្រឹងប្រែងប្រកួត និងអភិវឌ្ឍសមត្ថភាពនេះ។
គ្រូបង្វឹករូបនេះ បាននិយាយថា៖«គោលបំណងរបស់ក្រុមកងយោធពលខេមរភូមិន្ទ ក៏ដូចជាខ្ញុំ ដែលយើងមានមហិច្ឆតា ចង់ឲ្យកីឡាកររបស់ខ្លួន មានឱកាសក្នុងការជាប់ជម្រើសជាតិ។ ខ្ញុំបានឱកាសឲ្យ យុវជនជាច្រើនក្នុងការបង្ហាញខ្លួន បូករួមទាំងពេលវេលានៃការលេង ដើម្បីឲ្យគាត់បានដុសខាត់សមត្ថភាព មានឱកាសបង្ហាញខ្លួន ទៅដល់គ្រូបង្វឹកជម្រើសជាតិ។ ក្នុងនាមជាក្លិប ក៏ដូចជាថ្នាក់ដឹកនាំ បានចំណាយថវិកា យ៉ាងច្រើន បើទោះជាក្រុមមិនអាចលេង Top 6 បាន ហើយបន្ដការលេងជាមួយក្រុមបាតតារាងទាំង៥ គឺដោយសារហេតុនេះ។ នៅថ្ងៃខាងមុខ បើមានកីឡាករ ១នាក់ ឬ ២នាក់ជាប់ជម្រើសជាតិ ពិតណាស់ យើងមានមោទកភាពសម្រាប់ក្រុមកងយោធពលខេមរភូមិន្ទ។»។

គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ក្នុងរដូវកាលនេះ កងយោធពលខេមរភូមិន្ទ បានត្រឹមតែចំណាត់ថ្នាក់លេខ៨ ដែលជាចំណាត់ថ្នាក់មិនល្អមួយ។ លោក ភា សុភក្ដ្រា បាននិយាយថា៖«ខ្ញុំចាត់ទុកថា ចំណាត់ថ្នាក់លេខ៨នេះ គឺជាចំណាត់ថ្នាក់អាក្រក់មួយ។ កុងត្រាមានរយៈពេលតែ ២ឆ្នាំ។ ដូច្នេះ ខ្ញុំ មិនប្រាកដថា រដូវកាលក្រោយ ខ្ញុំនៅតែដឹកនាំក្រុមទៀតឡើយ។»។
គួរបញ្ជាក់ផងដែរថា កងយោធពលខេមរភូមិន្ទ ត្រូវស្វាគមន៍ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែឧសភា វេលាម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានស្ដាតចាស់។ ក្នុងពេលទន្ទឹមគ្នានោះ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ត្រូវជួបជាមួយ ឡាយហ្វព្រះសីហនុ នៅកីឡដ្ឋាន AIA KMH Park៕
