លោក Amorim៖ គ្មាននរណាគិតទេថា Man Utd លេងបានល្អហើយអាចយកឈ្នះ Bilbaoបាននោះទេ

0
22

ជ័យជម្នះជាមួយលទ្ធផល ៣-០ លើទឹកដីអេស្ប៉ាញ ថែមទាំងធ្វើឱ្យអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថាពិបាកក្នុងពន្យល់អំពីរបៀប ដែលកីឡាករក្នុងក្រុមបានធ្វើការងារដោយរីករាយ ក្នុងការបង្ហាញទម្រង់លេងដ៏ខ្លាំងមួយ ទៅកាន់គូប្រកួត ព្រមទាំងការបំភ្លេចចោលរដូវកាលដ៏អាក្រក់នៅ Premier League ហើយបែរផ្តោតយកចិត្តទុកដាក់លើពានអឺរ៉ុប។
 
ផ្តួលក្រុម Bilbao បានន័យថាបិសាចក្រហមនូវមិនទាន់ចាញ់ការប្រកួតម្តងនៅឡើយ ក្នុងពានរង្វាន់កម្រិតទី២ ទ្វីបអឺរ៉ុប Europa League ក្នុងរដូវកាលនេះ ខណៈពានរង្វាន់ចុងក្រោយមួយនេះ ក៏ជាកូនសោរតែមួយ សម្រាប់ ​Man Utd អាចមានឱកាសប្រកួតក្នុងពានរង្វាន់ ​UEFA Champions League រដូវកាលក្រោយ។ Man Utd បច្ចុប្បន្នស្ថិតនៅលេខ ១៤ ក្នុងក្របខណ្ឌ Premier League។

ក្រោយការប្រកួតបានបញ្ចប់ទៅ បុរសវ័យ ៤០ឆ្នាំ ជាអ្នកចាត់ការក្រុមបិសាចក្រហម បាននិយាយដូច្នេះថា៖«ខ្ញុំគិតថានេះគឺជាលទ្ធផលល្អបំផុតមួយ ព្រោះតែគ្មាននរណា ម្នាក់បានរំពឺងរឿងនេះទេ។ វាពិតជាពិបាកក្នុងការពន្យល់ណាស់ យើងមានភាពរីក ចម្រើននៅការប្រកួតចុងក្រោយ ខ្ញុំមិនមើលលើលទ្ធផលឡើយ យើងមានការប្រកួតខ្លះ ដែលយកឈ្នះបាន តែយើងលេងមិនល្អ ហើយខ្លះយើងចាញ់តែទម្រង់លេងល្អទៅវិញ។
ពេលខ្លះអ្នកក៏ត្រូវការសំណាងបន្តិចបន្តួចក្នុងនោះ។»។
 
 
លោក Amorim បានបន្ថែមទៀតថាក្រុមអាចនឹងឈ្នះការប្រកួតក្នុងពានរង្វាន់ Europa League បើទោះជានៅក្នុងក្របខណ្ឌ Premier League ក្រុមតែបរាជ័យច្រើនក្នុងការប្រកួត រហូតធ្លាក់ទៅឈរនៅចំណាត់ថ្នាក់មិនល្អ។ បុរសសញ្ជាតិព័រទុយហ្កាល់ ក៏ចាត់ទុកថាការប្រកួតជើងទី២ ទល់ Athletic Bilbao នៅកីឡដ្ឋាន Old Trafford នឹងក្លាយជាការប្រកួតដ៏តានតឹង។
 
រដូវកាល ២០២៤-២៥ ហៀបនឹងបញ្ចប់ ដោយឱកាសកៅអីប្រកួតនៅពានរង្វាន់អឺរ៉ុប តាម រយៈក្របខណ្ឌ Premier League បានរសាត់ឆ្ងាយរួចទៅហើយ អតីតអ្នកចាត់ការក្រុម Sporting CP បានបែរគោលដៅទៅលើការប្រជែងពាន Europa League ឱ្យបាន ដើម្បីមាន ឱកាសប្រកួតក្នុង ​UCL ឆ្នាំក្រោយ នឹងថែមទាំងជាឱកាសជួយដល់លោក អាចនាំយក កីឡាករសំខាន់មកពង្រឹងក្រុមឡើងវិញ៕