ក្រុមកីឡាបាល់ទាត់អាយុក្រោម ២៣ឆ្នាំ វៀតណាម បង្កើតប្រវត្តិសាស្រ្តថ្មី ក្លាយជាជើងឯក U23 ASEAN Cup ៣លើកជាប់ៗគ្នា តាមរយៈការយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០ ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Karno ថ្ងៃទី២៩ កក្កដា។
ជ័យជម្នះនេះ ធ្វើឱ្យវៀតណាមឈ្នះពានរង្វាន់អាយុក្រោម ២៣ឆ្នាំ កម្រិតអាស៊ានច្រើនជាងគេ៣លើកជាកំណត់ត្រា តាមពីក្រោយដោយថៃ និងឥណ្ឌូណេស៊ី ដែលធ្លាប់ឈ្នះមួយលើកដូចគ្នា។
ក្រឡេកមើលពីកម្រិតក្រុមអាយុក្រោម ២៣ឆ្នាំ ក្នុងតំបន់វិញ វៀតណាមក៏ជាក្រុមមានកម្រិតខ្ពស់ជាងគេផងដែរ ហើយថែមទាំងជាក្រុមដំបូងបង្កើតប្រវត្តិសាស្ត្រ ដែលអាចឈ្នះពានរង្វាន់ U23 ASEAN Cup នេះ ៣លើកជាប់ៗគ្នា។ ការប្រកួតពានរង្វាន់កម្រិតដទៃទៀតប្រចាំអាស៊ាន រួមមាន កម្រិតអាយុក្រោម ១៦, ១៩ ឆ្នាំ ASEAN Cup គ្មានក្រុមណាដែលអាចឈ្នះពានរង្វាន់ លើស ២លើកជាប់គ្នាបាននៅឡើយ។
កម្រិតពានរង្វាន់អាយុក្រោម ១៦ឆ្នាំ អាស៊ាន ទៀតសោត មានតែមីយ៉ានម៉ា ប៉ុណ្ណោះ អាចគ្រងជើងឯក ២លើកជាប់គ្នា ក្នុងឆ្នាំ ២០០៣ និង ២០០៥ ក្រោយៗមកគ្មានក្រុមណាធ្វើបានកំណត់ត្រានេះទៀតឡើយ។ ចំណែកកម្រិតអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា ដដែលក៏ឈ្នះបាន ២លើកជាប់គ្នា ក្នុងឆ្នាំ ដដែលដូចទៅនឹងក្រុមអាយុក្រោម ១៦ឆ្នាំ។

ដោយឡែកកម្រិតជម្រើសជាតិវិញ ថៃធ្លាប់ព្យាយាមរកឱកាសឈ្នះពានរង្វាន់ ASEAN Cup ឱ្យបាន ៣លើកជាប់គ្នា ប៉ុន្តែមិនបានសម្រេច ត្រូវបានសិង្ហបុរី ដណ្តើមពានរង្វាន់បានក្នុងឆ្នាំ ២០០៤។ វៀតណាម ដណ្តើមបានពានកាលឆ្នាំ ២០១៨ បញ្ចប់ការស្វែងរកកំណត់ត្រារបស់ថៃ ព្រមទាំងនៅក្នុងឆ្នាំ២០២៤ ក៏ដូចគ្នា ធ្វើឱ្យថៃ មិនអាចឈ្នះពានរង្វាន់បាន ៣លើកជាប់គ្នាឡើយ។
កម្រិតជម្រើសជាតិសិង្ហបុរី ធ្លាប់ឈ្នះ ២លើកជាប់គ្នា ប៉ុន្តែឱកាសឈ្នះជាលើកទី៣ ជាប់គ្នា ត្រូវបានវៀតណាមបង្អាក់ដំណើរ កាលពីឆ្នាំ២០១៨។
គូសបញ្ជាក់ថា ក្រុមអាយុក្រោម ២៣ឆ្នាំ កម្ពុជា បានចូលរួមការប្រកួតពានរង្វាន់អាយុក្រោម ២៣ឆ្នាំ ASEAN Cup នេះ ដោយបានត្រឹមធ្លាក់ចេញពីការប្រកួតនៅវគ្គចែកពូល B ដោយរកបានត្រឹមតែ ១ពិន្ទុ ពីការប្រកួតចំនួន ២លើក។ កម្ពុជា ប្រកួតបើកឆាកស្មើក្រុមឡាវ លទ្ធផល ១-១ និងចាញ់ក្រុមម្ចាស់ជើងឯក វៀតណាម លទ្ធផល ២-១៕