Pep Guardiola៖ ទំនួលខុសត្រូវរបស់ខ្ញុំ គឺត្រូវនាំ Man City ទៅរកភាពខ្លាំងឡើងវិញ

0
11

លោក Guardiola បានបង្ហាញជំនឿចិត្តថានឹងអាចកែប្រែក្រុមកីឡាករដែលមានក្នុងដៃនាពេលបច្ចុប្បន្នឱ្យក្លាយជាក្រុមដែលខ្លាំងមួយឡើងវិញ ទោះដឹងថាក្រុមកំពុងតែជួបបញ្ហាធំនៃទម្រង់លេង ក្រោយកីឡាករសំខាន់អវត្តមានព្រោះតែរបួស។

សប្តាហ៍មុន នៅក្នុងជំនួបពានរង្វាន់ Premier League របស់ប្រទេសអង់គ្លេស ជើងខ្លាំងដែលឈ្នះជើងឯក ៤រដូវកាល ជាប់គ្នា និងគ្មានក្រុមណាធ្វើបានពីមុនមកនេះ បានរងបរាជ័យយ៉ាងអាម៉ាស់នៅក្នុងទឹកដីកីឡដ្ឋាន Etihad ដែលជាផ្ទះរបស់ខ្លួនឯង។ ជាការចាញ់លើកទី៥ លទ្ធផលនោះបានធ្វើឱ្យក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងក្រុម Man City ចាប់តាំងពីក្រុមបានស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការអេស្ប៉ាញរយៈពេល ៩ឆ្នាំ រួចមក។

មូលហេតុបង្កឱ្យក្រុមធ្លាក់មកដល់ចំណុចអាក្រក់បែបនេះ ក៏ព្រោះតែកីឡាករសំខាន់ៗមួយចំនួនរួមមាន ម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៤ Rodri, ខ្សែបម្រើ Mateo Kovacic និងខ្សែការពារ Roben Dias សុទ្ធសឹងតែស្ថិតក្នុងបញ្ជីកីឡាកររបួស ខណៈ Kevin de Bruyne ក៏មិនទាន់មានទម្រង់លេងពេញលេញឡើងវិញនៅឡើយ។ បន្ទាប់ពីក្រុមឆ្លងកាត់ទុក្ខលំបាក និងមិនទាន់រកឃើញជ័យជម្នះឡើងវិញ បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៣ឆ្នាំ និយាយថាទំនួលខុសត្រូវធំពេលនេះគឺ ត្រូវនាំក្រុមទៅកាន់ភាពខ្លាំងឡើងវិញ។

លោក​ Guardiola បាននិយាយប្រាប់អ្នកកាសែតអំឡុងសន្និសីទកាសែតត្រៀមការប្រកួតពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Feyenoord ដូច្នេះថា៖«យើងមិនបានរំពឹងថានឹងចាញ់នោះទេ រឿងនេះសំខាន់សម្រាប់កីឡាករសឹងតែគ្រប់គ្នា ប៉ុន្តែវាបានកើតឡើងទៅហើយ ដូច្នេះអ្នកត្រូវស្វែងរកវិធីសាស្ត្រថ្មីដើម្បីដោះស្រាយចំពោះបញ្ហានោះ។ នៅពេលយើងចាប់ផ្តើមចាញ់ ខ្ញុំបានប្រាប់មនុស្សគ្រប់គ្នាថាខ្ញុំត្រូវស្វែងរកវិធីសាស្ត្រថ្មីដោះស្រាយ ខ្ញុំត្រូវតែធ្វើវា យើងត្រូវរកផ្លូវដើម្បីឈ្នះ វាជាភារកិច្ច និងទំនួលខុសត្រូវរបស់ខ្ញុំ គឺការស្វែងរកយុទ្ធសាស្ត្រដើម្បីឱ្យការប្រកួតរបស់យើងវិលត្រឡប់មកល្អឡើងវិញ ហើយយើងនឹងឈ្នះឡើងវិញដូចគ្នា។»។

ខណៈទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលខិតជិតមកដល់ អ្នកចាត់ការវ័យ ៥៣ឆ្នាំ ក៏បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតថា លោកនៅតែជឿជាក់លើកីឡាករដែលមានក្នុងដៃពេលបច្ចុប្បន្ន ជាជាងបន្តនាំចូល និងត្រូវការពេលបង្វឹកបន្ថែមនោះឡើយ។

គួររំលឹកថា បន្ទាប់ពីក្រុម Man City ប្រកួតប្រជែងទល់នឹងក្រុម Feyenoord នៅជំនួបពានរង្វាន់ ​UEFA Champions League រួច នៅថ្ងៃទី២៧ ខែវិច្ឆិកា ពួកគេនឹងមានភារកិច្ចធំប្រកួតប្រជែងទល់នឹងក្រុមជើងខ្លាំង Liverpool ដែលកំពុងតែនាំនៅកំពូលតារាង Premier League ជាមួយនឹងគម្លាតពិន្ទុដល់ទៅចំនួន ៨ពិន្ទុ នៅកីឡដ្ឋាន Anfield ថ្ងៃទី១ ខែធ្នូ៕