Maguire តែតចុងម៉ោង​ជួយ Man Utd ឈ្នះ Lyon ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ Europa League

0
19

ខ្សែ ការពារ Harry Maguire ក្លាយជាវីរបុរសជួយ Manchester United យកឈ្នះ Lyon ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៥-៤ នៅជើងទី២ វគ្គ៨ក្រុមចុងក្រោយ បានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League។ Man Utd ត្រូវបន្តជួប Athletic Club ស្របពេល Tottenham Hotpur ប៉ះ Lazio វគ្គ១/២ផ្តាច់ព្រ័ត្រ។

នៅកីឡដ្ឋាន Old Trafford ម្ចាស់ផ្ទះបិសាចក្រហមរកបាន២គ្រាប់នាំមុនទៅហើយនៅវគ្គទី១ ដែលធ្វើបានដោយ Manuel Ugarte (១០) និង Diogo Dalot (៤៥+១) ប៉ុន្តែនៅវគ្គទី២ ក្រុមភ្ញៀវ Lyon តាមបានស្មើវិញ តាមរយៈខ្សែការពារ Corentin Tolisso (៧១) និង Nicolas Tagliafico (៧៧)។ ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ២-២។

ដោយជើងទី១ ក្រុមយក្សអង់គ្លេស និងក្រុមបារាំង ស្មើគ្នា ២-២ ដូច្នេះតម្រូវឱ្យក្រុមទាំងពីរត្រូវបន្តប្រកួតនៅវគ្គបន្ថែមម៉ោង ១៥នាទីពីរដង។

នៅវគ្គបន្ថែមម៉ោង Lyon ដែលនៅសល់គ្នា១០នាក់ អាចរកបានពីរគ្រាប់នាំមុខវិញដែលសម្រេចបានដោយ Rayan Cherki (១០៤) និង Alexandrd Laxazette (ប៉េណាល់ទី ១០៩)។ យ៉ាងណាក៏ដោយ ក្រុមលោក Ruben Amorim តាមបាន៣គ្រាប់វិញដោយប្រើពេលត្រឹម៧នាទី ពីសំណាក់ប្រធានក្រុម Bruno Fernades (ប៉ាណាល់ទី ១១៤) Kobbie Mainoo (១២០) និង Harry Maguire តែតចុងម៉ោងនៅនាទី ១២០+១ ដើម្បីជួយ Man Utd ឈ្នះ Lyon ៥-៤ និងសរុបទាំងពីរជើង ៧-៦។

ក្រុមបិសាចក្រហម ត្រូវឡើងទៅជួបក្រុមអេស្ប៉ាញ Athletic Club នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Athletic Club បានទម្លាក់ Ranger ក្នុងលទ្ធផលទាំងពីរជើង ២-០។

ក្រុមអង់គ្លេសមួយទៀត Spurs ក៏បានកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ក្រោយយកឈ្នះ Eintracht Frankfurt ១-០ នៅជើងទីពីរ និងសរុបទាំងពីរជើង ២-១។ Spurs ត្រូវបន្តជួបក្រុមអ៊ីតាលី Lazio ដែលទម្លាក់ Bodo/Glimt ដោយបាល់កាត់ក្តីប៉េណាល់ទី ៣-២ ក្រោយប្រកួតស្មើគ្នាទាំងពីរជើង ២-២។

សម្រាប់ Man Utd និង Spurs សុទ្ធតែត្រូវពឹងលើការឈ្នះជើងឯកក្លិបលំដាប់ទីពីរអឺរ៉ុប ដើម្បីបានកៅអី Champions League រដូវកាលក្រោយ ដ្បិតអស់ឱកាសប្រជែង Top 5 រដូវកាលនេះ។ ដោយឡែក Athletic Club និង Lazio នៅមានឱកាសប្រជែង Top 4 ក្នុងលីគរៀងខ្លួន។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៣១ ខែមសា និងជើងទីពីរ នៅរាត្រីថ្ងៃទី៧ ខែឧសភា។ វគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំនៅកីឡដ្ឋាន Estadio de San Mamés ក្នុងប្រទេសអេស្ប៉ាញ នៅរាត្រីថ្ងៃទី២១ ខែឧសភា វេលាម៉ោង ២ អាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕