ជ័យជម្នះជាមួយលទ្ធផល ៣-០ លើទឹកដីអេស្ប៉ាញ ថែមទាំងធ្វើឱ្យអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថាពិបាកក្នុងពន្យល់អំពីរបៀប ដែលកីឡាករក្នុងក្រុមបានធ្វើការងារដោយរីករាយ ក្នុងការបង្ហាញទម្រង់លេងដ៏ខ្លាំងមួយ ទៅកាន់គូប្រកួត ព្រមទាំងការបំភ្លេចចោលរដូវកាលដ៏អាក្រក់នៅ Premier League ហើយបែរផ្តោតយកចិត្តទុកដាក់លើពានអឺរ៉ុប។
ផ្តួលក្រុម Bilbao បានន័យថាបិសាចក្រហមនូវមិនទាន់ចាញ់ការប្រកួតម្តងនៅឡើយ ក្នុងពានរង្វាន់កម្រិតទី២ ទ្វីបអឺរ៉ុប Europa League ក្នុងរដូវកាលនេះ ខណៈពានរង្វាន់ចុងក្រោយមួយនេះ ក៏ជាកូនសោរតែមួយ សម្រាប់ Man Utd អាចមានឱកាសប្រកួតក្នុងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។ Man Utd បច្ចុប្បន្នស្ថិតនៅលេខ ១៤ ក្នុងក្របខណ្ឌ Premier League។

ក្រោយការប្រកួតបានបញ្ចប់ទៅ បុរសវ័យ ៤០ឆ្នាំ ជាអ្នកចាត់ការក្រុមបិសាចក្រហម បាននិយាយដូច្នេះថា៖«ខ្ញុំគិតថានេះគឺជាលទ្ធផលល្អបំផុតមួយ ព្រោះតែគ្មាននរណា ម្នាក់បានរំពឺងរឿងនេះទេ។ វាពិតជាពិបាកក្នុងការពន្យល់ណាស់ យើងមានភាពរីក ចម្រើននៅការប្រកួតចុងក្រោយ ខ្ញុំមិនមើលលើលទ្ធផលឡើយ យើងមានការប្រកួតខ្លះ ដែលយកឈ្នះបាន តែយើងលេងមិនល្អ ហើយខ្លះយើងចាញ់តែទម្រង់លេងល្អទៅវិញ។
ពេលខ្លះអ្នកក៏ត្រូវការសំណាងបន្តិចបន្តួចក្នុងនោះ។»។
លោក Amorim បានបន្ថែមទៀតថាក្រុមអាចនឹងឈ្នះការប្រកួតក្នុងពានរង្វាន់ Europa League បើទោះជានៅក្នុងក្របខណ្ឌ Premier League ក្រុមតែបរាជ័យច្រើនក្នុងការប្រកួត រហូតធ្លាក់ទៅឈរនៅចំណាត់ថ្នាក់មិនល្អ។ បុរសសញ្ជាតិព័រទុយហ្កាល់ ក៏ចាត់ទុកថាការប្រកួតជើងទី២ ទល់ Athletic Bilbao នៅកីឡដ្ឋាន Old Trafford នឹងក្លាយជាការប្រកួតដ៏តានតឹង។
រដូវកាល ២០២៤-២៥ ហៀបនឹងបញ្ចប់ ដោយឱកាសកៅអីប្រកួតនៅពានរង្វាន់អឺរ៉ុប តាម រយៈក្របខណ្ឌ Premier League បានរសាត់ឆ្ងាយរួចទៅហើយ អតីតអ្នកចាត់ការក្រុម Sporting CP បានបែរគោលដៅទៅលើការប្រជែងពាន Europa League ឱ្យបាន ដើម្បីមាន ឱកាសប្រកួតក្នុង UCL ឆ្នាំក្រោយ នឹងថែមទាំងជាឱកាសជួយដល់លោក អាចនាំយក កីឡាករសំខាន់មកពង្រឹងក្រុមឡើងវិញ៕
