| | |

Donnarumma ប្រកាសចេញពីPSG ទាំងសោកស្តាយ ក្រោយក្លិបដកឈ្មោះចេញ​មុន​ប្រកួត UEFA Super Cup

អ្នកចាំទីសញ្ជាតិអ៊ីតាលី បានបង្ហោះលើបណ្តាញសង្គម Instagram របស់ខ្លួន​ដោយបាន​បង្ហាញការអរគុណទៅកាន់អ្នកគាំទ្រ​ និងក្លិប PSG សម្រាប់ការរួមរស់ជាមួយគ្នាពេល​កន្លង​មក។ ​​អ្នកចាំទី Gianluigi Donnarumma សរសេរដូច្នេះ៖ «ជូនចំពោះអ្នកគាំទ្រក្លិប PSG ដ៏​ពិសេស ចាប់តាំងពីថ្ងៃដំបូង ការមកដល់របស់ខ្ញុំ ខ្ញុំ​បានផ្តល់គ្រង់យ៉ាង ទាំងក្នុងនិងក្រៅ​ទីលាន ដើម្បីអាចស្វែងរកឃើញទីកន្លែងដ៏ពិសេស​មួយ ក្នុងការការពារគ្រាប់បាល់សម្រាប់​ក្លិប​មួយ​​នេះ។​ តែជារឿងសោកស្តាយ មនុស្សម្នាក់​សម្រេច​ចិត្តថា ខ្ញុំមិនអាចក្លាយជា​សមាជិក​​ក្រុមនេះបានតទៀត ហើយមិនអាចផ្តល់គ្រប់​យ៉ាងលើសពីនេះ ក្នុងការជួយក្រុម​ឱ្យជោគជ័យបានតទៀត។ ខ្ញុំពិតជាខកចិត្ត និងឈឺចាប់​ខ្លាំងបំផុត។»។

យ៉ាងណាមិញ គ្រូបង្វឹកក្រុម PSG លោក Luis Enrique ក៏បានចេញមុខនិយាយថា លោក​ជាអ្នកទទួលខុសត្រូវ ១០០ភាគរយ សម្រាប់ការសម្រេចចិត្តដ៏លំបាក ដែលត្រូវដកឈ្មោះ​អ្នក​ចាំទីវ័យ២៦ឆ្នាំ ចេញពីក្រុម។ សម្រាប់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ​វាជាការ​សម្រេច​ចិត្តដ៏​លំបាកមួយ ដែលលោកមិនចង់ធ្វើ ស្របពេលក្រុមមានអ្នកចាំទីកម្រិតខ្ពស់​បែបនេះ​រួចទៅ​ហើយ តែបែរមកជួបបញ្ហាបែបនេះទៅវិញ។

 រឿងរ៉ាវកន្លងមក Donnarumma ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បានទាមទារ​ក្នុង​ការ​បន្តកិច្ចសន្យាថ្មីថែមទៀតជាមួយ​ក្លិប PSG ព្រមទាំងការស្នើសុំដំឡើងថ្លៃពលកម្ម ក្រោយពេលជួ​យក្លិបឈ្នះពាន UEFA Champions League លើកដំបូង ប៉ុន្តែសំណើត្រូវ បាន​បដិសេធ។ ក្លិបយក្សបារាំង​ PSG ថ្មីៗនេះ ក៏បានទិញយកអ្នកចាំទីថ្មី​មកចូលរួមក្រុ​ម​ថែមទៀត ឈ្មោះ Lucas Chevalier មកពីក្លិប​ Lille តម្លៃ ៤៧លានដុល្លារ និងប្រាក់បូក​បន្ថែម១៧លានដុល្លារ ព្រមទាំងទទួលបានអាវអ្នកចាំទីលេខ១ ប្រចាំក្រុម។ 

បើតាមប្រភពពី​ក្លិបយក្សបារាំង ក្លិបមិនចង់ឱ្យអ្នកចាំទីអ៊ីតាលី ចាកចេញឡើយ ដើម្បីរក្សា​កំពូលអ្នកចាំទី ២រូប ប្រកួតប្រជែងគ្នាក្នុងក្រុម។ ប៉ុន្តែចុងក្រោយ ​កីឡាករ Donnarumma  ​សម្រេចចិត្តចាកចេញ។ ក្លិប Chelsea និង Manchester United ប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏លេចឮព័ត៌មាន ចង់បានអ្នកចាំទីរូបនេះទៅរួមក្រុមផងដែរ ខណៈក្រុមមកពីអ៊ីតាលី មាន Inter Milan ចង់កីឡាករវ័យ ២៦ឆ្នាំ ត្រឡប់ទៅទឹកដីកំណើតវិញ។

អ្នកចាំទីអ៊ីតាលី បង្ហាញសមត្ថភាពលេចធ្លោរខ្លាំងរបស់គេ កាលពីរដូវកាលមុន ដោយគេរួម​ចំ​ណែកសំខាន់ជួយឱ្យ PSG ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល និងជាពិសេសពានរង្វាន់ UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបជើងខ្លាំងបារាំង។ អ្នកចាំ​ទី​២៦ឆ្នាំ បានសង្គ្រោះបាល់យ៉ាងល្អ ក្នុងជំនួបសំខាន់ទល់នឹងក្រុមខ្លាំង រួមមាន Liverpool, Aston Villa និង Arsenal ជាដើមនៅរដូវកាលមុន៕ 

Similar Posts