Cristiano Ronaldo និង Lionel Messi ច្បាស់ជាកីឡាករទាំងពីរដ៏អស្ចារ្យបំផុត ក្នុងវិស័យបាល់ទាត់សព្វថ្ងៃ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះក្រុម“ ទំនើប” នេះបានប្រកួតប្រជែងបំបែកឯកទគ្គកម្មមួយដោយបន្តលើសចំនួនកំណត់ដែលមនុស្សមួយចំនួនមិនហ៊ានជឿ។
មិនមែនកីឡាករទាំងអស់សុទ្ធតែមានសំណាងគ្រប់គ្រាន់ក្នុងការធ្វើការជាមួយកំពូលកីឡាករឆ្នើមពីររូបនេះ ដូចជា Paulo Dybala នោះទេ។ ខ្សែប្រយុទ្ធអាហ្សង់ទីន គឺជាមិត្តរួមក្រុមរបស់ Messi នៅក្រុមជម្រើសជាតិហើយក៏ជាដៃគូវាយប្រហាររបស់ Ronaldo នៅឯក្លឹប Juventus ផងដែរ។
កាលពីរដូវក្តៅមុន Dybala មានភាពចម្រូងចម្រាសនៅពេលដែលរូបគេបាននិយាយថា វាជាពិបាកក្នុងការលេងនៅក្បែរ Messi ព្រោះរូបគេត្រូវចេះកែប្រែស្ទីលលេងឱ្យត្រូវនឹងតួនាទីសំខាន់របស់មិត្តរួមជាតិរបស់គេ។
នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រក្រុមជម្រើសជាតិ Dybala បានសុំអភ័យទោសដល់រាមច្បងរួមជាតិរបស់គេថា “ពាក្យរបស់ខ្ញុំអំពី Messi? ខ្ញុំគួរតែនិយាយផ្សេងវិញ” ។
“មានមនុស្សដែលចង់យល់ពាក្យនោះដោយចេតនាមិនល្អ។ ខ្ញុំមិនដែលព្យាយាមរិះគន់ដៃគូទេ ខ្ញុំគ្រាន់តែចង់កែលម្អអ្វីដែលបានកើតឡើង។ ខ្ញុំចង់ចូលរួមវិភាគទានបន្ថែមទៀតដល់ប្រទេសអាហ្សង់ទីន និង ទទួលបានលទ្ធផលល្អប្រសើរទាំងជាក្រុម និង ជាលក្ខណៈបុគ្គល។
ខ្ញុំក៏និយាយជាមួយ Messi ដែរព្រោះយើងទាំងពីរនាក់មានយុទ្ធសាស្ត្រដូចគ្នា។ យើងក៏ធ្វើការជាមួយគ្រូបង្វឹក Lionel Scaloni ផងដែរដើម្បីកុំឲ្យជាន់ជើងគ្នានៅលើទីលាន” ។
Dybala ក៏បានសារភាពអំពី Ronaldo ផងដែរថា“ គ្មាននរណាម្នាក់ស្គាល់ Ronaldo ផ្ទាល់ទេប៉ុន្តែនៅពេលគាត់មកដល់ Juventus យើងបានដឹងថាជាបុរសអស្ចារ្យ និង មានភាពរួសរាយរាក់ទាក់ខ្លាំងណាស់ ”។
“នៅក្នុងដំណើរមួយ ខ្ញុំបានប្រាប់ Ronaldo ថា នៅអាហ្សង់ទីនយើងមិនចូលចិត្តអ្នកទេ ដោយសារបុគ្គលិកលក្ខណៈរបស់អ្នក ប៉ុន្តែនៅពេលខ្ញុំបានជួបអ្នក អ្នកពិតជាខុសគ្នាទាំងស្រុងនូវអ្វីដែលអ្នកផ្សេងគិត។ អ្នកធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល។ ‘Ronaldoដូបានឆ្លើយតបទាំងស្នាមញញឹមថា “ខ្ញុំគឺជាខ្ញុំ ខ្ញុំទម្លាប់ជាមួយការរិះគន់ទាំងនេះហើយ” ។