យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United មានគម្រោងឆ្មក់យកខ្សែប្រយុទ្ធ Raheem Sterling ប្រសិនបើក្លិប Manchester City មិនអាចរួចផុតពីការដាក់ពិន័យរបស់ UEFA។
កាលពីខែកុម្ភៈកន្លងទៅ ក្លិបរហស្សនាមមេឃខៀវ ត្រូវបានសមាគមបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA សម្រេចព្យួរឈ្មោះ បិទមិនឲ្យចូលប្រកួតក្នុងព្រឹត្តការណ៍បាល់ទាត់អឺរ៉ុបចំនួន២ឆ្នាំ (២០២០/២១ និង ២០២១/២២) រួមមាន ពានរង្វាន់ Champions League, Europa League ឬ UEFA Super Cup ជាដើម បន្ទាប់ពីប្រព្រឹត្តល្មើសនឹងច្បាប់ Financial Fair Play (FFP) ដែលជាច្បាប់ “តុល្យភាពហិរញ្ញវត្ថុ”។
យ៉ាងណាមិញ ចំពោះករណីខាងលើ Man City នឹងធ្វើការប្ដឹងឧទ្ធរណ៍ ទៅកាន់តុលាការ អាជ្ញាកណ្តាលកីឡា រយៈពេល៣ថ្ងៃ នៅសប្ដាហ៍ក្រោយនេះ ពោលចាប់តាំងពីថ្ងៃទី៨ ខែមិថុនាខាងមុខនេះ តទៅ។
ជាមួយគ្នានេះ ប្រសិនបើការប្ដឹងឧទ្ធរណ៍របស់ពួកគេបរាជ័យ ហើយបម្រាមមិនឲ្យចូលប្រកួតក្របខណ្ឌ Champions League រយៈពេល២រដូវកាល ត្រូវបានអនុម័ត នោះក្លិបជើងឯក Premier League រដូវកាលមុនមួយនេះ នឹងប្រឈមមុខនឹងបាត់បង់កីឡាករឆ្នើមៗរបស់ខ្លួនមួយចំនួន។
ជាកស្ដែង Sterling ត្រូវបានគេរាយការណ៍មកថា ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ ដទៃទៀត ដែលអាចនឹងចាកចេញ ខណៈកាលពីពេលកន្លងទៅ រូបគេធ្លាប់មានព័ត៌មានពាក់ព័ន្ធទៅនឹងការផ្លាស់ទៅចូលរួមជាមួយ Real Madrid ប្រសិនបើ Man City ជាប់បម្រាមមិនអាចចូលលេង Champions League ។
ទន្ទឹមនឹងនេះ របាយការណ៍របស់កាសែត Independent បានបញ្ជាក់ថា ក្លិបបិសាចក្រហម ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពរបស់ Sterling ជាមួយនឹង Man City ផងដែរ ហើយប្រសិនបើក្លិបមេឃខៀវ មិនអាចតវ៉ាក្ដីឈ្នះ នោះ Man UTD នឹងរៀបចំសំណើឆ្មក់យក ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ ចេញពីកីឡដ្ឋាន Etihad៕