Martial ស៊ុត hat-trick ជួយ Man Utd ប្រកៀក Top 4 ឯ Liverpool ត្រូវការ​២​ពិន្ទុ​ទៀត​ដើម្បី​លើក​ពាន

0
687

ខ្សែប្រយុទ្ធ Anthony Martial បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង (hat-trick) ក្នុងការ​ប្រកួត​ដែល Manchester United យកឈ្នះ​ក្រុម Sheffield United ក្នុ​លទ្ធផល ៣-០ ក្នុង​ក្របខណ្ឌ Premier League​។ Liverpool ដែល​យកឈ្នះ Crystal Palace ៤-០ កាន់តែ​ប្រកៀក​នឹង​ការលើក​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ដោយ​ត្រូវការ​តែ​២​ពិន្ទុ​ទៀត​ពិន្ទុ​។​

ក្រុម​បិសាច​ក្រហម Man Utd ដែល​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ការប្រកួត​សប្តាហ៍​ទី​៣១ នៅ​យប់​ថ្ងៃទី​២៤ ខែមិថុនា បានធ្វើ​ឲ្យ​ពួកគេ​កើន​ដល់​៤៩​ពិន្ទុ និង​មានឱកាស​ច្រើន​ក្នុងការ​ប្រជែង​យក​តំណែង Top 4 ពី Chelsea ដើម្បី​លេង​នៅ​ក្របខណ្ឌ Champions League រដូវ​កាល​ក្រោយ​។ តោ​ខៀវ​មាន​៥១​ពិន្ទុ​ពី​ការប្រកួត​៣០​លើក ក៏មាន​ក្រុម​ជាច្រើន​ប្រជែង​គ្នា​យក​តំណែង​នេះដែរ ដូចជា Wolverhampton Wanderers​  និង​Tottenham Hotspur ជាដើម​។​

៣​គ្រាប់​របស់ Man Utd ក្នុងការ​យកឈ្នះ Sheffield United ៣-០ នៅ Old Trafford សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Martial តែម្នាក់ឯង នៅ​នាទី ៧, ៤៤ និង​៧៤​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក  Ole Gunnar Solskjaer ស្ថិតនៅ​លេខ​រៀង​ទី​៥ និង​នៅសល់​៧​ប្រកួត​ទៀត​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០ នេះ​។​

​ដោយឡែក Liverpool កំពុង​ត្រៀមខ្លួន​លើក​ពាន Premier League សម្រាប់​រដូវ​កាល​នេះហើយ ក្រោយ​យកឈ្នះ Crystal Palace ៤-០​។ ក្នុង​ជំ​នួប​នៅ​កីឡដ្ឋាន Anfield ខ្សែការពារ Trent Alexander-Arnold ខ្សែប្រយុទ្ធ Mohamed Salah, Sadio Mane និង​ខ្សែបម្រើ Fabinho ស៊ុត​ម្នាក់​១​គ្រាប់​ដើម្បី​ជួយ​ក្រុម​លោក Juergen Klopp បាន​៣​ពិន្ទុ​បន្ថែម​។

ហង្ស​ក្រហម​បាន​កើន​ដល់ ៨៦​ពិន្ទុ ពី​ការប្រកួត​៣១​លើក ដោយ​នាំ​មុខ​ក្រុម​លេខ​ពីរ Manchester City ដែល​ប្រកួត​បាន​៣០​លើក ចំនួន ២៣​ពិន្ទុ​។ នេះ​មានន័យថា ប្រសិនបើ Man City ចាញ់ ឬ​ស្មើ​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣១​នោះ Liverpool នឹង​លើក​ពាន​លី​គ​កំពូល​អង់គ្លេស​ដោយ​ស្វ័យប្រវត្តិ ដ្បិត​ការប្រកួត​សល់​៧​លើក​ទៀត​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ បើ​ក្រុម​លោក Pep Gardiola នៅតែ​អាច​រក​ជ័យជម្នះ​បាន នោះ Liverpool ត្រូវធ្វើ​យ៉ាងណា​យកឈ្នះ​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣២ ដើម្បី​លើក​ពាន​។​

​បើ Liverpool ពិតជា​លើក​ពាន​លី​គក​ពូ​ល​អង់គ្លេស​រដូវ​កាល ២០១៩-២០ នេះ​មែន មានន័យថា​នេះ​ជាការ​ឈ្នះ​ពាន​លើក​ទី​១​របស់​ពួកគេ​ក្នុង​រយៈពេល​២៨​ឆ្នាំ​ចុងក្រោយ ចាប់តាំងពី​អង់គ្លេស​ប្តូរ​ឈ្មោះ​ពាន​ពី First Division ទៅជា Premier League នៅ​រដូវ​កាល ១៩៩២-៩៣​មក​៕