ក្រុម Sevilla បានបរាជ័យក្រោមថ្វីជើងក្រុម FC Bayern Munich ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់បើករដូវកាល UEFA Super Cup កាលពីយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ ក្រុមអេស្ប៉ាញ Sevilla មិនឱ្យបាក់មុខនោះទេ ក្នុងនាមជាក្រុមម្ចាស់ជើងឯកពានរង្វាន់ Europa League ដែរ ពោលគឺពួកគេបានបើកការនាំមុខលើក្រុម Bayern មុននៅនាទី១៣ ដោយ Ocampos ប៉េណាល់ទី។ តែនៅនាទី៣៤ Goretzka ក៏អាចរកបានគ្រាប់បាល់តាមស្មើវិញទៀត។ ការប្រកួតលេងដល់៩០នាទី ក្រុមទាំងពីរនៅតែស្មើគ្នាដដែល។ តាមលទ្ធផលនេះ គឺត្រូវបន្ថែម១៥នាទី២ដង ដើម្បីកាត់សេចក្ដីទៀត។ នៅនាទី១០៤ Javi Martinez ក៏រកបាន១គ្រាប់ឱ្យក្រុម Bayern ឈ្នះការប្រកួតតែម្ដងក្នុងលទ្ធផល ២-១។
សម្រាប់ការប្រកួតខាងលើនេះដែរ Navas កីឡាកររបស់ក្រុម Sevilla បានអះអាងថារូបគេព្យាយាមអស់ពីសមត្ថភាពហើយ។ Sevilla ប្រឹងប្រែងខ្លាំងណាស់ និងប្រយុទ្ធដល់ទីបញ្ចប់ ប៉ុន្តែលទ្ធផលនៅតែមិនអាចទប់ជាមួយ Bayern ជាប់ដដែល។ ពួកគេជាក្រុមខ្លាំង ពួកគេជាក្រុមបង្កើតឱកាស និងស្វែងរកគ្រាប់បាល់ជានិច្ច៕