លោក Duncan Ferguson គ្រូជំនួយរបស់ Everton និងជាដៃស្ដាំរបស់ Ancelotti បានអះអាងថាប្រសិនបើក្រុមរបស់លោកឈ្នះ Liverpool បាន នោះគ្រប់គ្នានឹងកត់ចំណាំសម្រាប់រដូវកាលនេះមិនខាន។
Everton ១០ឆ្នាំមកហើយ មិនដែលឈ្នះក្រុមប្រជែងទីក្រុម Liverpool បាននោះទេ។ តែសម្រាប់រដូវកាលនេះវិញ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ឃើញថាក្រុមមួយនេះមានទម្រង់លេងល្អប្លែក និងឈ្នះ៤ប្រកួតជាប់គ្នាឈរកំពូលតារាង Premier League ផងដែរ។ ខណៈពេលក្រុម Liverpool វិញ ប្រកួតចុងក្រោយឃើញថាទក់សាច់តែម្ដង ក្រោមថ្វីជើង Aston Villa ក្នុងលទ្ធផល ៧-២ ឯណោះ។
ដោយមើលឃើញកូនក្រុមលេងល្អនេះហើយ ទើបបានជាលោក Duncan Ferguson អះអាងថា៖ “អ្នកមានក្ដីស្រមៃបែបនេះជាយូរមកហើយ ដែលក្រុម Everton អាចលេងឈ្នះ៤ប្រកួតជាប់គ្នានៅពេលបើករដូវកាល។ យើងកំពុងមានក្រុមមួយដ៏ល្អ និងមានគោលដៅច្បាស់លាស់។ នៅល្ងាចនេះ បើយើងអាចយកឈ្នះ Liverpool បាន គ្រប់គ្នានឹងកត់សម្គាល់យើងថាជាក្រុមល្អមួយពិតមែន មិនខាន”៕