ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនៅតែនាំមុខក្នុងពូល I ក្នុងវគ្គជម្រុះ World Cup ២០២២ បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងងាយស្រួលលើក្រុមជម្រើសជាតិអង់ដូរ៉ា។ ដូច្នេះតើពេលណាដែលគ្រូ និងសិស្សលោក Gareth Southgate ដណ្ដើមបានសំបុត្រចូលទៅកាន់ប្រទេស Qatar?
អង់គ្លេសយកឈ្នះអង់ដូរ៉ាដោយងាយ ក្នុងលទ្ធផល ៥-០ ដោយមានគ្រាប់បាល់បញ្ចូលទីរបស់ Ben Chilwell, Bakayo Saka, Tammy Abraham, James Ward-Prowse និង Jack Grealish ។ លទ្ធផលនេះជួយឱ្យក្រុមតោកំណាច រក្សាបានតំណែងកំពូលតារាងនៃពូលដោយមាន ៤ ពិន្ទុនាំមុខក្រុមទី ២ អាល់បានី បន្ទាប់ពីការប្រកួត ៧ ជុំនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ។
នៅសល់ត្រឹមតែការប្រកួតចំនួន ៣ តែប៉ុណ្ណោះក្នុងវគ្គជម្រុះនេះ ការគណនាបានបង្ហាញថាអង់គ្លេសត្រូវការជ័យជម្នះតែ ២ លើកទៀតប៉ុណ្ណោះដើម្បីទទួលបានកៅអីមួយចូលទៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតា។
ក្រុមជម្រើសជាតិអង់គ្លេសនឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិហុងគ្រី ដែលឈរលេខ ៤នៃតារាងក្នុងពូល I នៅឯកីឡដ្ឋាន Wembley នៅយប់ថ្ងៃអង្គារសប្ដាហ៍ក្រោយ មុននឹងបញ្ចប់យុទ្ធនាការការប្រកួតវគ្គជម្រុះ ជាមួយនឹងការប្រកួតក្នុងទឹកដីខ្លួនឯងជាមួយអាល់បានី នៅថ្ងៃទី ១២ ខែវិច្ឆិកា និងក្រុមបាតតារាងសានម៉ារីណូ បីថ្ងៃបន្ទាប់គឺថ្ងៃទី១៥ ខែវិច្ឆិកា។
ការឈ្នះ ២ ប្រកួតបន្ទាប់នឹងជួយឱ្យ Harry Kane និងមិត្តរួមក្រុមរបស់គាត់ទទួលបានតំណែងនៃក្រុមឈរកំពូលតារាង ដែលជាភារកិច្ចនេះហាក់បីដូចជាមិនមានភាពលំបាកអ្វីឡើយ។
ទោះយ៉ាងណាក៏ដោយ ដើម្បីឈ្នះសំបុត្រទៅប្រទេសកាតា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ ២ មិនមែនជារឿងងាយស្រួលឡើយ។ ក្រុមទាំង១០ ដែលឈរលេខរៀងទី២ក្នុងពូលនិមួយៗ នឹងចូលរួមជាមួយក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួន ២ នៅ Nations League ដើម្បីចូលរួមការប្រកួតជម្រុះ ៣ ជុំនៅខែមីនាដើម្បីកំណត់ ៣កៅអី បន្ថែមទៀត។
នៅក្នុងការប្រកួតជាមួយអង់ដូរ៉ា Chilwell និង Grealish បានស៊ុតបាល់បញ្ចូលទីជាលើកដំបូងសម្រាប់ការប្រកួតរបស់ក្រុមតោកំណាចអង់គ្លេស ខណៈដែល Saka បានបង្កើតនូវចំណុចពិសេសមួយ។ ខ្សែបម្រើស្លាបរបស់ Arsenal (២០ ឆ្នាំនិង ៣៤ ថ្ងៃ) បានក្លាយជាកីឡាករក្មេងជាងគេដែលរកបានគ្រាបើបាល់ក្នុងពីរប្រកួតជាប់ៗគ្នាជាមួយក្រុម ចាប់តាំងពី Wayne Rooney ក្នុងឆ្នាំ ២០០៤ (១៨ ឆ្នាំនិង ២៤១ ថ្ងៃ) ខណៈដែលគាត់ក៏ជាកីឡាករវ័យក្មេងរបស់ Arsenal ដែលរកគ្រាប់បាល់បញ្ចូលទីជាមួយក្រុមផងដែរ៕