តាមលទ្ធផលនៃការចាប់ឆ្នោត ក្រុម U23 កម្ពុជា ត្រូវបានវាយតម្លៃថា ជាបេក្ខភាពលេខ១ នៃពូល A។ ដោយមានប្រៀបលើទឹកដីខ្លួនឯង និងការបណ្តាក់ទុនខ្លាំងក្នុងក្រុមយុវជន ក្រុមកម្ពុជារំពឹងយកឈ្នះលើប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត ដើម្បីឈ្នះសំបុត្រចូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ជាក់ស្តែងក្រុមម្ចាស់ផ្ទះបានចាប់ផ្តើមការប្រកួតយ៉ាងជក់ចិត្តជាមួយនឹងជ័យជម្នះ ២ លើកទល់នឹងប្រ៊ុយណេ និងហ្វីលីពីន។ ប៉ុន្តែចូលដល់ការប្រកួតជាមួយទីម័រខាងកើត ចំណុចខ្សោយរបស់ U23 កម្ពុជា ត្រូវបានលាតត្រដាង។
ការគ្រប់គ្រងបាល់មិនមានប្រសិទ្ធភាពដូចដែលការគ្រោងទុកឡើយ ការវាយសម្រុកមានភាពតានតឹងខណៈពេលដែលខ្សែការពារបង្ហាញនូវចន្លោះប្រហោងជាច្រើន។ ប្រសិនបើគេប្រើឱកាសស៊ុតបញ្ចូលទីបានល្អជាងនេះ ក្រុមទីម័រខាងកើតអាចរកបានច្រើនជាង១គ្រាប់ទល់នឹងកម្ពុជា។ ការបរាជ័យនេះ បានធ្វើឲ្យ U23 កម្ពុជា ត្រូវធ្លាក់ចេញមុនកាលកំណត់ ហើយរបូតឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅក្នុងដៃរបស់ទីម័រខាងកើត។
ការបរាជ័យដ៏ឈឺចាប់នៅលើទឹកដីខ្លួនឯង គឺជាមេរៀនដ៏ល្អសម្រាប់ក្រុមកម្ពុជា។ ពួកគេអាចសម្រេចបាននូវជ័យជម្នះមួយចំនួន ប៉ុន្តែដើម្បីចូលទៅប្រកួតប្រជែងនៅក្នុងក្រុមខ្លាំងបំផុត និងប្រជែងយកពានរង្វាន់ណាមួយនៅអាស៊ីអាគ្នេយ៍នៅតែជាបញ្ហាដ៏លំបាកមួយ៕