គ្រូវបង្វឹកក្រុមតោខៀ​ ខឹងនឹងអ្នកកាសែតដែលសំណួរអំពីបញ្ហាអ៊ុយក្រែន​ និងម្ចាស់ក្លិប

0
613

លោក Thomas Tuchel គ្រូបង្វឹកក្លិបបាល់ទាត់ Chelsea បានបង្ហាញអារម្មណ៍ក្តៅក្រហាយជាមួយក្រុមអ្នកកាសែត បន្ទាប់ពីពួកគេបានចោទសួរនៅសំណួរដដែលអំពីវិបត្តិនៅអ៊ុយក្រែន និងម្ចាស់ក្លិប Roman Abramovich។

ក្នុងសន្និសីទកាសែតក្រោយជំនួប FA Cup ទល់ក្រុម Luton Town អ្នកកាសែតបានចោទសួរមកលើគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដែលធ្វើឱ្យលោកខកចិត្តយ៉ាងខ្លាំង។

«អ្នកត្រូវតែបញ្ឈប់សំណួរអសទាំងនេះ ខ្ញុំមិនមែនអ្នកនយោបាយឡើយ។ ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ខ្ញុំមានអារម្មណ៍មិនល្អសោះឡើយនៅពេលដែលទទួលបានសំណួរដដែលៗ ហើយខ្ញុំមិនដែលឆ្លងកាត់សង្រ្គាមម្តងណាឡើយ។ អ្នកទាំងអស់គ្នាគួរឈប់សួរខ្ញុំនៅសំណួរទាំងនោះទៀតទៅ ខ្ញុំគ្មានចម្លើយសម្រាប់អ្នកឡើយ។» លោក Tuchel បាននិយាយបែបនេះ។

ទោះបីយ៉ាងនេះក្តីគ្រូបង្វឹកដែលជួយឱ្យ Chelsea ឈ្នះជើងឯក Champions League លើកទី២ ក៏បានបញ្ជាក់បន្ថែមថា លោកសង្ឃឹមនឹងអាចផ្តោតអារម្មណ៍ចំពោះការដឹកនាំក្រុមឱ្យបានល្អ ជាជាងគិតលើរឿងមិនមែនជាជំនាញរបស់លោក៕

ការចូលឈ្លានពានប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ ធ្វើឱ្យញាប់ញ័រពិភពលោកកីឡាដែរ។ កាលពីថ្ងៃទី២៨ខែមីនា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងតំបន់អឺរ៉ុប (UEFA) បានហាមឃាត់ក្រុមជម្រើសជាតិរុស្ស៊ីនិងក្លិបក្នុងរុស្ស៊ីមិនឱ្យប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិនានាឡើយ។ សហព័ន្ធបាល់ទាត់អឺរ៉ុបក៏បានផ្លាស់ប្តូទីតាំងប្រកួតជំនួបផ្តាច់ព្រ័ត្រក្នុងទីក្រុង St Petersburg ទៅកានបារាំងវិញ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីរុស្ស៊ីនិងជាម្ចាស់ក្លិបតោខៀវលោក Roman Abramovich គឺជាបុគ្គលម្នាក់ដែលអាចនឹងរងទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលប្រទេសអង់គ្លេសក្រោយពេលមានវិបត្តិកើតឡើង។ មកដល់ពេលនេះមិនទាន់មានការដាក់ទណ្ឌកម្មណាមួយមកលើមហាសេដ្ឋីរុស្ស៊ីកាត់អ៊ីស្រាអែលរូបនេះនៅឡើយ ខណៈលោកបានព្យាយាមជួយឱ្យមានកិច្ចចចារសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។