គ្រូបង្វឹក Tan Cheng Hoe របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី ទើបតែបញ្ជាក់ប្រាប់កូនក្រុមរបស់ខ្លួនថា កម្ពុជា លែងជាក្រុមដែលងាយរងការគំរាមកំហែងក្នុងការប្រកួតបើកឆាកពូល B នៃពានរង្វាន់ AFF Cup 2022 ទៀតហើយ។
តាមកាលវិភាគ ក្រុមម៉ាឡេស៊ី នឹងជួបកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ នៅកីឡដ្ឋាន Bishan (សិង្ហបុរី) ក្នុងក្របខណ្ឌនៃពូល B ដែលមានក្រុមការពារតំណែងជើងឯក វៀតណាម ឡាវ និងឥណ្ឌូនេស៊ី ផងដែរ។ បើតាមលោក Tan Cheng Hoe ការប្រកួតជាមួយកម្ពុជានឹងមិនងាយស្រួលដូចអ្នកគាំទ្រគិតនោះទេ។
ក្នុងការវាយតម្លៃគូប្រកួតក្នុងពូល B កាសែត New Straits Times បានចុះផ្សាយថា គ្រូបង្វឹក Cheng Hoe បាននិយាយថា ក្រុមកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កការលំបាកដល់ម៉ាឡេស៊ី។ អ្នកយុទ្ធសាស្រ្តវ័យ ៥៣ ឆ្នាំរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការប្រកួតទាល់នឹង «អ្នកប្រយុទ្ធអង្គរ» ដែលបានយកឈ្នះលើកោះ Guam ដោយលទ្ធផល ៣-១ ក្នុងវគ្គ Play-off នៃវគ្គជម្រុះជុំទី ៣ នៃ Asian Cup ឆ្នាំ ២០២៣ កាលពីខែមុន។
«កម្ពុជាកំពុងលេងបានល្អក្រោមការដឹកនាំរបស់គ្រូបង្វឹក Ryu Hirose និងក្រោមការដឹកនាំរបស់គ្រូបង្វឹក Keisuke Honda។ ពួកគេកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងក្រុមល្អ ដូច្នេះវានឹងមិនងាយស្រួលសម្រាប់យើងឡើយ»។ លោក Cheng Hoe ក៏បានលើកឡើងជាពិសេសអំពីបទពិសោធន៍របស់គ្រូបង្វឹកជប៉ុន Honda ដែលបានចូលរួមប្រកួត World Cup ៣ ដង (២០១០, ២០១៤ និង ២០១៨) ដែលនឹងជួយក្រុមកម្ពុជាឈានទៅវគ្គ AFF Cup 2020។
«ខ្ញុំមិនចង់ឲ្យកីឡាកររបស់យើងមានទំនុកចិត្តខ្លាំងពេកក្នុងការប្រកួតបើកឆាក AFF Cup នោះទេ។ ពួកគេត្រូវផ្តោតលើការលេងតាមផែនការយុទ្ធសាស្ត្រ។ កម្ពុជាមានកីឡាករកំពូលៗខ្លះទៅលេងនៅបរទេស។ ដូចជា ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធដែលធ្លាប់លេងនៅ M-League (លីគកំពូលម៉ាឡេស៊ី) ហើយនៅតែមានទម្រង់លេងល្អដ៏ដែល។ យើងត្រូវមានការប្រុងប្រយ័ត្នចំពោះក្រុមកម្ពុជា។ ពួកគេហ្វឹកហាត់យ៉ាងខ្លាំង ហើយរត់បានច្រើនក្នុងការប្រកួត ហើយមិនដែលចុះចាញ់ឡើយ»។ គ្រូបង្វឹក Cheng Hoe បានសង្កត់ធ្ងន់យ៉ាងដូច្នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការលើកឡើងរបស់គ្រូបង្វឹក Cheng Hoe គឺចាំបាច់នៅពេលដែលម៉ាឡេស៊ីនៅតែត្រូវជួបគូប្រកួតខ្លាំងគឺវៀតណាម (១២ ធ្នូ) និងឥណ្ឌូនេស៊ី (១៩ ធ្នូ) ក្នុងការប្រជែងយកសំបុត្រវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូល B។
ក្រុមម៉ាឡេស៊ីបានប្រមូលផ្តុំគ្នាតាំងពីថ្ងៃទី ២២ ខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែមានកីឡាករតែ ១១ នាក់ប៉ុណ្ណោះព្រោះនៅសល់គឺរវល់លេងក្នុងការប្រកួត Malaysia Cup ។ លោក Cheng Hoe មានកីឡាករតែ ២៨ នាក់ប៉ុណ្ណោះដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត AFF Cup 2020 នៅថ្ងៃទី ១ ខែមករា ជាថ្ងៃបន្ទាប់ពីការប្រកួត Malaysia Cup វគ្គផ្ដាច់ព្រ័ត្រ៕