កម្ពុជា ស្ថិតនៅពូល D ជាមួយ ឥណ្ឌា ហុងកុង និង អាហ្វហ្គានីស្ថាន ប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round) ។ នេះបើតាមលទ្ធផលចាប់ឆ្នោត នាថ្ងៃ២៤ កុម្ភៈ។
ការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round) មាន២៤ប្រទេសចូលរួម ដោយត្រូវបានចែកចេញជា៦ពូល ហើយក្នុងមួយពូលមាន៤ប្រទេស ។
ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨, ១១, ១៤ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា ទីក្រុងCalcutta ។ បានន័យថា ឥណ្ឌា គឺជាម្ចាស់ផ្ទះ សម្រាប់ពូលD។ ដោយឡែកការប្រកួតនៅក្នុងពូលផ្សេងទៀត ក៏ត្រូវប្រកួតនៅប្រទេស ដែលធ្វើជាម្ចាស់ផ្ទះ ដូចពូលDដែរ។ សម្រាប់វគ្គជម្រុះពូលជុំចុងក្រោយនេះ គឺសម្រេចយកក្រុមលេខ១ ក្នុងពូល និងក្រុមលេខ២ល្អចំនួន៥ ឡើងទៅលេងវគ្គបន្ត។
គួរបញ្ជាក់ថា កម្ពុជា បានឡើងទៅវគ្គជម្រុះក្នុងពូលជុំចុងក្រោយ បន្ទាប់ពីបានយកឈ្នះ កោះហ្គាំ ទាំង២ជើង កាលពីខែតុលា ឆ្នាំ២០២១។