Bayern ខិតកាន់តែកៀកក្នុងការនាំយក Superstar មួយរូបពីទឹកដីអង់គ្លេស

0
574

កាសែត the Mirror របស់អង់គ្លេស បានឱ្យដឹងថា កីឡាករជម្រើសជាតិអាល្លឺម៉ង់ Leroy Sane កំពុងតែកៀកក្នុងការចុះហត្ថលេខាជាមួយក្លឹប Bayern Munich ខណៈក្លឹបទាំងពីរកំពុងពិភាក្សាបញ្ចប់នូវកិច្ចព្រមព្រៀងផ្ទេរកីឡាកររូបនេះ។

ក្នុងសេចក្តីរាយការណ៍នេះដែរ ក្លឹប Bayern Munich នឹងផ្តល់ជូនក្លឹប Manchester City ប្រមាណ ៧០លានផោន សម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ដែលត្រឹមតែពាក់កណ្តាលនៃតម្លៃដែលក្លឹប Manchester City ទាមទារមុនពេលដែលកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរក្នុងការប្រកួតពានរង្វាន់ FA Community Shield ជាមួយក្លឹប Liverpool កាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

Sane នៅសល់កិច្ចសន្យាជាមួយក្លឹបជើងឯកអង់គ្លេសរហូតដល់បញ្ចប់រដូវកាលក្រោយ ខណៈដែលក្លឹបក៏មិនទាន់ផ្តល់ជូននូវកិច្ចសន្យាថ្មីនៅឡើយ ដូច្នេះក្លឹបអាចនឹងបាត់បង់កីឡាកររូបនេះដោយគ្មានតម្លៃខ្លួនផងដែរ ប្រសិនបើក្លឹប និងកីឡាករមិនមានជំហរបន្តកិច្ចសន្យាថ្មី។

សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចូលរួមជាមួយក្លឹប Manchester City កាលពីដើមរដូវកាល ២០១៦-២០១៧ ពីក្លឹប Schalke 04 ក្នុងតម្លៃ ៥០.៥លានផោន។ រយៈពេល ៤រដូវកាលនៅទឹកដីអង់គ្លេស អតីតយុវជនរបស់ក្លឹប Schalke 04 រូបនេះ បានចូលលេងឱ្យក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះចំនួន ១៣៤ប្រកួត ក្នុងនោះរកគ្រាប់បាល់បាន ៣៩គ្រាប់ និងបញ្ជូលបាល់បានចំនួន ៤៥គ្រាប់ផងដែរ៕