ក្រុមជម្រើសជាតិកម្ពុជាព្យាយាមលើកកម្ពស់ទម្រង់លេងដោយមានការចូលរួមពីកីឡាករវ័យក្មេង។ កាលពី២ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក U18 អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ ក្រុម U18 កម្ពុជាបានបង្កការភ្ញាក់ផ្អើលដល់ទៅ ២ លើកពេលផ្ដួលក្រុមកំពូលក្នុងតំបន់ទាំង ២ក្រុម គឺ U18 វៀតណាម និង U18 ថៃ។
កីឡាករវ័យក្មេងទាំងនោះត្រូវបានគ្រូបង្វឹកដាក់ទំនុកចិត្តខ្ពស់។ នៅក្នុងបញ្ជីកោះហៅដើម្បីត្រៀមប្រកួត AFF Cup 2020 គ្រូបង្វឹក Keisuke Honda និងសហការីបន្តជឿជាក់លើការកោះហៅកីឡាករវ័យក្មេងឆ្នើមចូលមកក្នុងក្រុម។
កីឡាករដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ សៀង ចន្ធា (កើតឆ្នាំ ២០០០) ដែលបានស៊ុតបាល់បញ្ចូលទីបើកឆាកក្នុងការយកឈ្នះលើ U18 វៀតណាម។ បច្ចុប្បន្នកំពុងលេងឱ្យក្លឹបបឹងកេត ចន្ធា មានកម្ពស់ត្រឹមតែ 1m68 ប៉ុន្តែផ្ទុយទៅវិញ រូបគេមានល្បឿន និងសមត្ថភាពវាយបកបានល្អបំផុត។ នៅស៊ីហ្គេមឆ្នាំ ២០១៩ កីឡាកររូបនេះបានស៊ុតបញ្ចូលទីបានលឿនបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួតទល់នឹង U23 មីយ៉ាន់ម៉ា។
កីឡាករមួយរូបទៀតគឺ ឡេង ណូរ៉ា។ ខ្សែប្រយុទ្ធរូបនេះកើតក្នុងឆ្នាំ ២០០៤ មានឪពុកជនជាតិហ្គាណា និងម្ដាយជនជាតិខ្មែរ។ រូបគេទើបតែបង្ហាញខ្លួនឱ្យក្លឹបខេត្តព្រៃវែងក្នុងរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែរកបាន ១ គ្រាប់រួចហើយ។ ក្រឡេកមកមើលកីឡាកររូបនេះ គ្រប់គ្នាអាចមើលឃើញពីកម្លាំងកាយសម្បាទាដ៏ឆ្នើម។
ជាពិសេស កីឡាករដែលមានវ័យក្មេងជាគេគឺ ស៊ិន សុវណ្ណមករា ដែលមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ ហើយនឹងប្រារព្ធខួបកំណើតគម្រប់ ១៧ ឆ្នាំរបស់ខ្លួននៅថ្ងៃដំបូងនៃពានរង្វាន់ AFF Cup 2020 ជាមួយម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែធ្នូ។
ការសម្រេចចិត្តរបស់ គ្រូបង្វឹកនៃជម្រើសជាតិកម្ពុជាត្រូវបានចាត់ទុកថាជាជំហានត្រៀមសម្រាប់ការប្រកួត U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ ហើយលើសពីនេះទៀតគឺស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាអ្នកធ្វើម្ចាស់ផ្ទះតែម្ដង៕