Cristiano Ronaldo បន្តកុងត្រា ២ ឆ្នាំជាមួយ Al Nassr រកចំណូលបានជាង ៦៧៥ លានដុល្លារ

16

កំពូលតារាបាល់ទាត់ Cristiano Ronaldo បានសម្រេចបន្តកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំទៀតជាមួយក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ ២០២៧ បន្ទាប់ពីចំណាយពេល ២ ឆ្នាំដំបូងជាមួយក្លិបនេះ។ កិច្ចព្រមព្រៀងថ្មីនេះ នឹងធ្វើឲ្យ Ronaldo រកបានទឹកប្រាក់សរុបប្រមាណ ៤៦៧ លានដុល្លារ ក្នុងទម្រង់ជាប្រាក់ឈ្នួល រួមទាំងប្រាក់ឧបត្ថម្ភ និងចំណែកភាគហ៊ុនក្លិប ១៥ ភាគរយផងដែរ។

បន្ទាប់ពីការបន្តកុងត្រាជាមួយខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះ ក្លិប Al Nassr បានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញ X (Twitter) របស់ខ្លួនថា៖ «Cristiano Ronaldo បន្តស្នាក់នៅក្លិប Al Nassr FC រហូតដល់ឆ្នាំ ២០២៧។»។ មុននឹងមានការប្រកាសជាផ្លូវការ វីដេអូខ្លីមួយក៏ត្រូវបានគេឃើញបង្ហាញពី Ronaldo កំពុងដើរម្នាក់ឯងនៅលើឆ្នេរខ្សាច់មួយ ជាមួយអក្សរថា «Al Nassr Forever» (Al Nassr រៀងរហូត) ដែលបង្កឲ្យមានការរំពឹងទុកជាខ្លាំង។

យោងតាមការចុះផ្សាយរបស់កាសែត BeIN Sports កីឡាករវ័យ ៤០ ឆ្នាំរូបនេះនឹងទទួលបានប្រាក់ប្រមាណជាង ៤០០ លានអឺរ៉ូ (ស្មើនឹង ៤៦៧ លានដុល្លារ) ក្នុងរយៈពេល ២ ឆ្នាំ បូករួមទាំងប្រាក់លើកទឹកចិត្តជាង ៣២ លានដុល្លារបន្ថែមទៀតសម្រាប់ការចុះកិច្ចសន្យាថ្មីនេះ។

លើសពីនេះ គាត់ក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា ការប្រើប្រាស់យន្តហោះឯកជនដែលមានតម្លៃជាង ៥.៥ លានដុល្លារ សិទ្ធិកាន់កាប់ភាគហ៊ុនក្លិប ១៥ ភាគរយ ព្រមទាំងប្រាក់ឧបត្ថម្ភពីដៃគូសហការ និងប្រាក់រង្វាន់សម្រាប់ការបង្ហាញទម្រង់លេងល្អក្នុងការប្រកួតលីគអារ៉ាប៊ីសាអូឌីត និងពានរង្វាន់កម្រិតអាស៊ី។ ទឹកប្រាក់សរុបដែលខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះនឹងរកបានក្នុងរយៈពេល ២ ឆ្នាំ អាចឡើងដល់ជាង ៥៧៧ លានអឺរ៉ូ (ស្មើនឹង ៦៧៥ លានដុល្លារ)។

កាលពីដើមឆ្នាំ ២០២៣ Ronaldo បានផ្ទេរមកកាន់ក្លិប Al Nassr ក្នុងនាមជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក ប្រមាណ ២៧៥ លានដុល្លារ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Manchester United ។ ក្នុងរយៈពេល ២ ឆ្នាំកន្លះនៃការលេងឲ្យ Al Nassr រូបគេបានស៊ុតបញ្ចូលទីបាន ៩៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ១០៥ ប្រកួត ក្នុងគ្រប់ពានរង្វាន់ទាំងអស់។

វត្តមានរបស់ Ronaldo នៅ Al Nassr បានធ្វើឲ្យគាត់ជាប់ឈ្មោះជាកីឡាករដែលមានប្រាក់ចំណូលខ្ពស់បំផុតលើពិភពលោកចំនួន ៣ ឆ្នាំជាប់គ្នា នេះបើយោងតាមទស្សនាវដ្តី Forbes ។

កាលពីខែឧសភា Ronaldo ធ្លាប់បានបង្ហោះសារនៅលើបណ្តាញសង្គមដែលបង្ហាញពីចេតនាថាគាត់ទំនងជានឹងចាកចេញពីក្រុម Al Nassr បន្ទាប់ពីរដូវកាលបានបញ្ចប់ដោយគ្មានពានរង្វាន់អ្វីសោះ ហើយក៏មានព័ត៌មានថាគាត់កំពុងស្វែងរកក្លិបថ្មីផងដែរ។ ប៉ុន្តែបន្ទាប់ពីបន្តកិច្ចសន្យាថ្មីរួច Ronaldo បានបង្ហោះសារថា៖ «ជាទំព័រប្រវត្តិសាស្ត្រថ្មី ចំណូលចិត្តដដែល ក្តីស្រមៃដដែល ដូច្នេះចូលរួមបង្កើតប្រវត្តិសាស្ត្ររួមគ្នាបន្តទៀត។»។

យោងតាមប្រភពជិតស្និទ្ធនឹងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ការបន្តកិច្ចសន្យារបស់ Ronaldo រយៈពេល ២ ឆ្នាំទៀត គឺជាផ្នែកមួយនៃការរួមចំណែកជួយអភិវឌ្ឍន៍លីគបាល់ទាត់អារ៉ាប៊ីសាអូឌីតឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើង។

ការបន្តកិច្ចសន្យាថ្មីនេះកើតឡើងបន្ទាប់ពី Ronaldo បានដឹកនាំព័រទុយហ្គាល់ឈ្នះពានរង្វាន់ UEFA Nations League ជាលើកទី ២ ដោយផ្តួលក្រុមខ្លាំងអេស្ប៉ាញ កាលពីដើមខែមិថុនា។ ពេលកំពុងលេងឲ្យក្លិប Al Nassr ប្រធានក្រុមព័រទុយហ្គាល់រូបនេះ ក៏កំពុងសម្លឹងមើលការសម្រេចបានគ្រាប់បាល់ទី ១,០០០ ក្នុងអាជីពរបស់គាត់ផងដែរ ខណៈដែលបច្ចុប្បន្នគាត់រកបាន ៩៣២ គ្រាប់ទាំងនៅក្លិប និងជម្រើសជាតិ។

តើអ្នកគិតថា Ronaldo អាចនឹងបំបែកកំណត់ត្រា ១,០០០ គ្រាប់បានសម្រេចទេ?