Donnarumma ប្រកាសចេញពីPSG ទាំងសោកស្តាយ ក្រោយក្លិបដកឈ្មោះចេញមុនប្រកួត UEFA Super Cup
អ្នកចាំទីសញ្ជាតិអ៊ីតាលី បានបង្ហោះលើបណ្តាញសង្គម Instagram របស់ខ្លួនដោយបានបង្ហាញការអរគុណទៅកាន់អ្នកគាំទ្រ និងក្លិប PSG សម្រាប់ការរួមរស់ជាមួយគ្នាពេលកន្លងមក។ អ្នកចាំទី Gianluigi Donnarumma សរសេរដូច្នេះ៖ «ជូនចំពោះអ្នកគាំទ្រក្លិប PSG ដ៏ពិសេស ចាប់តាំងពីថ្ងៃដំបូង ការមកដល់របស់ខ្ញុំ ខ្ញុំបានផ្តល់គ្រង់យ៉ាង ទាំងក្នុងនិងក្រៅទីលាន ដើម្បីអាចស្វែងរកឃើញទីកន្លែងដ៏ពិសេសមួយ ក្នុងការការពារគ្រាប់បាល់សម្រាប់ក្លិបមួយនេះ។ តែជារឿងសោកស្តាយ មនុស្សម្នាក់សម្រេចចិត្តថា ខ្ញុំមិនអាចក្លាយជាសមាជិកក្រុមនេះបានតទៀត ហើយមិនអាចផ្តល់គ្រប់យ៉ាងលើសពីនេះ ក្នុងការជួយក្រុមឱ្យជោគជ័យបានតទៀត។ ខ្ញុំពិតជាខកចិត្ត និងឈឺចាប់ខ្លាំងបំផុត។»។
យ៉ាងណាមិញ គ្រូបង្វឹកក្រុម PSG លោក Luis Enrique ក៏បានចេញមុខនិយាយថា លោកជាអ្នកទទួលខុសត្រូវ ១០០ភាគរយ សម្រាប់ការសម្រេចចិត្តដ៏លំបាក ដែលត្រូវដកឈ្មោះអ្នកចាំទីវ័យ២៦ឆ្នាំ ចេញពីក្រុម។ សម្រាប់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ វាជាការសម្រេចចិត្តដ៏លំបាកមួយ ដែលលោកមិនចង់ធ្វើ ស្របពេលក្រុមមានអ្នកចាំទីកម្រិតខ្ពស់បែបនេះរួចទៅហើយ តែបែរមកជួបបញ្ហាបែបនេះទៅវិញ។
រឿងរ៉ាវកន្លងមក Donnarumma ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បានទាមទារក្នុងការបន្តកិច្ចសន្យាថ្មីថែមទៀតជាមួយក្លិប PSG ព្រមទាំងការស្នើសុំដំឡើងថ្លៃពលកម្ម ក្រោយពេលជួយក្លិបឈ្នះពាន UEFA Champions League លើកដំបូង ប៉ុន្តែសំណើត្រូវ បានបដិសេធ។ ក្លិបយក្សបារាំង PSG ថ្មីៗនេះ ក៏បានទិញយកអ្នកចាំទីថ្មីមកចូលរួមក្រុមថែមទៀត ឈ្មោះ Lucas Chevalier មកពីក្លិប Lille តម្លៃ ៤៧លានដុល្លារ និងប្រាក់បូកបន្ថែម១៧លានដុល្លារ ព្រមទាំងទទួលបានអាវអ្នកចាំទីលេខ១ ប្រចាំក្រុម។

បើតាមប្រភពពីក្លិបយក្សបារាំង ក្លិបមិនចង់ឱ្យអ្នកចាំទីអ៊ីតាលី ចាកចេញឡើយ ដើម្បីរក្សាកំពូលអ្នកចាំទី ២រូប ប្រកួតប្រជែងគ្នាក្នុងក្រុម។ ប៉ុន្តែចុងក្រោយ កីឡាករ Donnarumma សម្រេចចិត្តចាកចេញ។ ក្លិប Chelsea និង Manchester United ប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏លេចឮព័ត៌មាន ចង់បានអ្នកចាំទីរូបនេះទៅរួមក្រុមផងដែរ ខណៈក្រុមមកពីអ៊ីតាលី មាន Inter Milan ចង់កីឡាករវ័យ ២៦ឆ្នាំ ត្រឡប់ទៅទឹកដីកំណើតវិញ។
អ្នកចាំទីអ៊ីតាលី បង្ហាញសមត្ថភាពលេចធ្លោរខ្លាំងរបស់គេ កាលពីរដូវកាលមុន ដោយគេរួមចំណែកសំខាន់ជួយឱ្យ PSG ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល និងជាពិសេសពានរង្វាន់ UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបជើងខ្លាំងបារាំង។ អ្នកចាំទី២៦ឆ្នាំ បានសង្គ្រោះបាល់យ៉ាងល្អ ក្នុងជំនួបសំខាន់ទល់នឹងក្រុមខ្លាំង រួមមាន Liverpool, Aston Villa និង Arsenal ជាដើមនៅរដូវកាលមុន៕
