ជម្រើសជាតិកម្ពុជានឹងមិនមានការប្រមូលផ្ដុំ ឬប្រកួតមិត្តភាពអន្ដរជាតិ FIFA International Calendar

0
834

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចមិនឱ្យមានការប្រមូលផ្ដុំជម្រើសជាតិ ឬប្រកួតមិត្តភាពអន្ដរជាតិ នៅអំឡុងពេលនៃប្រតិទិនប្រកួតអន្តរជាតិ FIFA International Calendar ក្នុងខែមីនា នេះទេ ។ ការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបែបនេះ ក្រោយពីជួបពិភាក្សាជាមួយក្រុមការងារគ្រូនៃក្រុមជម្រើសជាតិ និងក្រុមហ៊ុនលីគកម្ពុជា។

សហព័ន្ធ បានបញ្ជាក់ថា ការមិនប្រមូលផ្ដុំជម្រើសជាតិនេះ គឺដើម្បីទុកពេលវេលា ឲ្យក្លិបបន្តការហ្វឹកហាត់ ក៏ដូចជាការប្រកួតរបស់ខ្លួន ក្នុងពានរង្វាន់ជម្រើសជើងឯក Cambodian Premier League ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ក្រុមជម្រើសជាតិកម្ពុជា នឹងផ្ដោតទៅលើការប្រមូលផ្ដុំ នាចុងខែ ឧសភា និងដើមខែ មិថុនា ដើម្បីត្រៀមខ្លួនការប្រកួតវគ្គជម្រុះចុងក្រោយនៃពានរង្វាន់ទ្វីបអាសុី AFC Asian Cup នៅប្រទេសឥណ្ឌា»។

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ បានបន្ថែមថា តាមរយៈការមិនប្រមូលផ្តុំហ្វឹកហាត់នេះ គឺកម្ពុជា មិនទទួលការប្រកួតអន្តរជាតិនានា ដែលរៀបចំដោយ FIFA នោះទេ។
កម្ពុជា នឹងមានការប្រកួតធំៗ នៅអន្ដរជាតិ ដូចជា AFC Asian Cup China 2022 និងស៊ីហ្គេមលើកទី៣១ នៅវៀតណាម ជាដើម។

ដោយឡែក ភ្នំពេញក្រោន និង វិសាខា ក៏ត្រូវត្រៀមលក្ខណៈប្រកួត AFC Cup ផងដែរ ខណៈក្លិបទាំងពីរ មានកីឡាករជាប់ជម្រើសជាតិច្រើនកន្លងមក ។

លោក ហុក សុចិត្រា អគ្គលេខាធិកាក្លិបវិសាខា បានបញ្ជាក់ថា ក្លិបមានប្រកួតច្រើន ទាំងក្នុងស្រុក និងក្នុងតំបន់ ដូច្នេះក្លិបមានការព្រួយបារម្ភចំពោះបញ្ហារបួសកីឡាករ។ លោក ចិត្រា បានប្រាប់សារព័ត៌មានថ្មីៗថា៖«ក្លិបនីមួយៗ តែងយកចិត្តទុកដាក់លើកីឡាករណាស់ ជាពិសេសធ្វើយ៉ាងណា ជៀស ឬបង្ការរបួសពីការប្រកួត ។ ដោយឡែក កីឡាករ ក្លិបវិសាខា និងភ្នំពេញក្រោន មានការប្រកួតជាច្រើនសម្រាប់ក្លិបផង និងសម្រាប់ជាតិផង។ កាតព្វកិច្ចសម្រាប់កីឡាករ ត្រូវចូលរួមជួយនៅជម្រើសជាតិ។ យើងពិតជាបារម្ភណាស់ ចំពោះរបួសកីឡាករ» ។

ការប្រកួតក្នុងលីគកម្ពុជា មានការប្រកួតប្រជែងខ្លាំង ក្រោមការកំណែទម្រង់ថ្មី។ កត្តានេះ ជំរុញឲ្យក្លិប និងកីឡាករ យកចិត្តទុកដាក់ចំពោះការប្រកួតនីមួយៗ ដើម្បីទទួលបានលទ្ធផលល្អសម្រាប់ការប្រកួត ។

គួរបញ្ជាក់ថា កម្ពុជានឹងចូលរួមប្រកួត ស៊ីហ្គេមនៅវៀតណាម នៅក្នុងអំឡុងខែឧសភា ខណៈការប្រកួត AFC Asian China Cup 2022 កម្ពុជា ត្រូវប៉ះ ឥណ្ឌា នៅថ្ងៃទី៨ ខែមិថុនា, ប្រកួតជាមួយហុងកុង នៅថ្ងៃទី១១ មិថុនា មុននឹងជួបជាមួយ អាហ្វហ្គានីស្ថាន នៅថ្ងៃទី១៤ មិថុនា ។ ដោយឡែកសម្រាប់ ការប្រកួត AFC Clubវិញ ភ្នំពេញក្រោន ប្រកួតជាមួយ Hougang United របស់សិង្ហបុរី នៅថ្ងៃទី២៤ មិថុនា, ជួបជាមួយ Viettel របស់វៀតណាម នៅថ្ងៃទី២៧ និងថ្ងៃទី៣០ ខែមិថុនា ត្រូវប្រកួតជាមួយ Young Elephants មកពីប្រទេសឡាវ។ ដូចគ្នានេះដែរ វិសាខា ត្រូវប្រកួត Kaya-Ilo Ilo ហ្វីលីពីន នៅថ្ងៃទី២៤ ខែមិថុនា, ជួបជាមួយ Bali United FC ឥណ្ឌូណេស៊ី នៅថ្ងៃទី២៧ និងថ្ងៃទី៣០ មិថុនា ប៉ះ Kedah Darul Aman FC ម៉ាឡេស៊ី ៕