នៅ AFF Cup 2021 កីឡាករថ្មីរបស់ក្រុមកម្ពុជារូបនេះមិនអាចបង្ករភាពលំបាកដល់គូប្រកួតខ្លាំងខ្លានៅឡើយទេ។ ប៉ុន្តែប្រហែលជាការប្រកួតនៅឆ្នាំនេះនឹងជាការចាប់ផ្ដើមមួយសម្រាប់ ឡេង ណូរ៉ា ក្នុងការបង្ករព្យុះភ្លៀងលើទីលានវាលស្មៅក៏អាចថាបាន។
ថ្មីៗនេះ កាសែតថៃដ៏ល្បី Siam Sport ស្រាប់តែមានអត្ថបទមួយសរសើរកីឡាករខ្មែរម្នាក់។ នោះមិនមែនជាកីឡាករ ចាន់ វឌ្ឍនាកា ទេ តែជាកីឡាករវ័យក្មេងមួយរូបដែលទើបតែរះឡើងគឺ ឡេង ណូរ៉ា។
រឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងរបស់ក្រុមជម្រើសជាតិកម្ពុជា គឺបានកាត់បន្ថយអាយុជាមធ្យមទាបបំផុត មកនៅត្រឹម ២២.៤។ កីឡាករក្មេងជាងគេគឺ ស៊ិន ស៊ីសុវណ្ណមករា ដែលមានអាយុ ១៦ឆ្នាំ មកពីក្លឹបព្រៃវែង។
ក្នុងចំណោមនោះគួរឲ្យកត់សម្គាល់ចំពោះទេពកោសល្យវ័យក្មេងគឺកីឡាករ ឡេង ណូរ៉ា ដែលជាខ្សែប្រយុទ្ធមានខ្សែឈាមជនជាតិហ្គាណា និងខ្មែរ មានអាយុទើបតែ ១៧ឆ្នាំប៉ុណ្ណោះ បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះលេងនៅក្លឹបព្រៃវៃ (លីគកំពូលកម្ពុជា) ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិថៃ គឺលោក Thongchai Rungruanglert។
ការឈានជើងចូលជម្រើសជាតិក្នុងវ័យ ១៧ ឆ្នាំ ឡេង ណូរ៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំង។ យុវជនរូបនេះត្រូវបានគេចាត់ទុកជាអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជា។
ឡេង ណូរ៉ា ធ្លាប់លេងឲ្យ U15 និង U23 កម្ពុជា។ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ យុវជនរូបនេះបានលេងជាលើកដំបូងនៅក្រុមជម្រើសជាតិ ក្នុងការបរាជ័យ ១-៤ ជាមួយអ៊ីរ៉ាក់ក្នុងវគ្គជម្រុះជុំទីពីរនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ទ្វីបអាស៊ី។
ខ្សែបប្រយុទ្ធដែលមានពណ៌សម្បូរណ៍ស្រអែមខ្មែរ មានឪពុកជាជនជាតិហ្គាណា និងម្ដាយជាជនជាតិខ្មែរ។ ក្នុងវ័យ ១៧ឆ្នាំ ឡេង ណូរ៉ា មានរាងកាយមាំមួន សុខភាពរឹងមាំ ធានាថានឹងក្លាយខ្លួនជាកីឡាករដែលឆ្នើមម្នាក់ក្នុងជួរកីឡាករជម្រើសជាតិកម្ពុជា។
ជាការពិតណាស់ ក្នុងព្រឹត្តិការណ៍ AFF Cup 2021 នេះ ឡេង ណូរ៉ា ឬកីឡាករវ័យក្មេងដ៏មានទេពកោសល្យផ្សេងទៀតនៃក្រុមកម្ពុជា នឹងមិនអាចដាក់សម្ពាតខ្លាំងទៅលើក្រុមដែលនៅក្នុងពូល B បានឡើយ ដោយសារតែក្រុមកម្ពុជាមិនទាន់មានបទពិសោធន៍ និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។
ប៉ុន្តែសម្រាប់កីឡាករវ័យក្មេង ការចូលរួមក្នុងការប្រកួតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នឹងជួយពួកគេឱ្យអភិវឌ្ឍខ្លួនឡើងយ៉ាងឆាប់រហ័ស និងប្រមូលបទពិសោធន៍ដ៏មានតម្លៃ។ វាមិនមែនជារឿងចម្លែកទេ ប្រសិនបើរដូវកាល AFF Cup បន្ទាប់ទៀត ឡេង ណូរ៉ា អាចក្លាយជាកីឡាករមួយរូបដែលចូលរួមចំណែកធ្វើឱ្យក្រុមខ្លាំងៗក្នុងតំបន់ចាប់អារម្មណ៍ដូចកីឡាករ ចាន់ វឌ្ឍនាកា បច្ចុប្បន្ន៕