បន្ទាប់ពីចាញ់ក្រុមកាំភ្លើងធំ Arsenal នៅក្នុងកម្មវីធី Community Shield ដើមរដូវកាលនេះ ក្រុមហង្សក្រហម Liverpool មិនបានភ្លាត់ចាញ់ម្តងទៀតនោះទេ ពោលគឺបានយកឈ្នះក្រុមដែលដឹកនាំដោយលោក Mikel Arteta ដោយលទ្ធផល៣ទល់នឹង១ នៅក្នុងការប្រកួតសប្តាហ៍ទី៣នៃក្របខ័ណ្ឌ Premier League យប់មិញនេះ។
ក្លិប Arsenal មានឱកាសរកបាន១គ្រាប់នាំមុខមុននៅនាទីទី២៥ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធ Alexandre Lacazette ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក Sadio Mane ក៏ស៊ុតបានគ្រាប់តាមស្មើឲ្យ Liverpool មុនពេលដែលកីឡាករខ្សែការពារ Andrew Robertson បន្ថែមគ្រាប់នាំមុខ។ ចូលដល់តង់ទី២ Liverpool រកគ្រាប់ទី៣របស់ខ្លួន ដោយការស៊ុតរបស់ខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota ។
ក្រឡែកមកមើលពីស្ថិតិវិញគឺថា Liverpool ស៊ុតបានរហូតដល់ទៅ២១ជើងឯណោះ ដោយចំគោលដៅ៨លើក រីឯ Arsenal ស៊ុតបានតែ៤ជើងប៉ុណ្ណោះ ចំគោលដៅបាន៣លើក។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Liverpool គ្មានបាល់ Offsides (ជំហរក្រៅល្បែង) នោះទេ ចំណែកឯ Arsenal មានចំនួន៥លើក៕