ខ្សែបម្រើស្លាប Riyad Mahrez បានបង្ហើបឲ្យដឹងថា មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុមមេឃខៀវ Manchester City ក្លិបហង្សក្រហម Liverpool ធ្លាប់មានចិត្តចង់ចុះកុងត្រាយករូបគេ។
យ៉ាងណាមិញ នៅពេល Liverpool ទិញបានជម្រើសជាតិអេហ្សីប Mohamed Salah ពី Roma ក្លិបជើងឯក Champions League រដូវកាលមុន ក៏បានបញ្ឈប់ការចាប់អារម្មណ៍ទៅលើ Mahrez។
ខ្សែបម្រើស្លាបវ័យ២៩ឆ្នាំបានប្រាប់កាសែត Bein Sports យ៉ាងដូច្នេះថា៖
មុនពេលចុះកុងត្រាលេងឲ្យ Man City ក្លិប Liverpool ធ្លាប់ចាប់អារម្មណ៍ចង់បានខ្ញុំ។ ប៉ុន្តែនៅពេលពួកគេទិញបាន Mohamed Salah អ្វីៗត្រូវបានបញ្ចប់។
គួររម្លឹកផងដែរថា Man City បាននាំយក Mahrez ពីក្លិប Leicester City ក្នុងឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ ៦១លានផោន (ឬប្រមាណ ៧៥លានដុល្លារ)។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិអារ៉ាប់ បាន៨១ប្រកួត ក្នុងនោះគេស៊ុតបាន២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២៦ដង។
មិនត្រឹមតែប៉ុណ្ណោះ រយៈពេល២ឆ្នាំនៅកីឡដ្ឋាន Etihad ជម្រើសជាតិអាល់ហ្សេរី ធ្លាប់ជួយ Man City លើកពានធំៗជាច្រើនរួមមាន ពាន Premier League ១ដង ពាន FA Cup ១ដង និងពាន League Cup ២ដង៕