Cristiano Ronaldo នឹងបាត់បង់ប្រាក់ខែយ៉ាងច្រើនក្នុងករណីដែល MU មិនអាចឈ្នះកៅអីក្នុង Champions League នៅរដូវកាលក្រោយ។
យោងតាមសារព័ត៌មាន The Athletic បានឲ្យដឹងថា បច្ចុប្បន្ន Ronaldo ទទួលបានប្រាក់ខែ £480,000 ក្នុងមួយសប្តាហ៍នៅ MU ដែលស្មើនឹងជិត ២៥លានផោនក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះនឹងថយចុះ ២៥% ប្រសិនបើ “បិសាចក្រហម” មិនឈ្នះសំបុត្រទៅលេង Champions League នៅរដូវកាលក្រោយ។
ជាពិសេស ក្នុងករណីដែលគ្រូ និងសិស្សរបស់ Ralf Rangnick មិនឈានដល់ top 4 ឬឈ្នះ Champions League ប្រាក់ខែរបស់ CR7 អាចធ្លាក់ចុះមកត្រឹម £360,000 ប្រភពដដែលក៏បាននិយាយផងដែរថា Man Utd មាន “កិច្ចព្រមព្រៀងកាន់តែតឹងរ៉ឹងសម្រាប់កីឡាករម្នាក់ៗ”។
បច្ចុប្បន្ន MU ឈរនៅលេខរៀងទី ៤ ក្នុងតារាង Premier League ។ ពួកគេទើបតែបានយកឈ្នះ Brentford 3-1 កាលពីយប់ថ្ងៃពុធ ប៉ុន្តែមុននោះពួកគេបានចាញ់ក្រុម Wolves ហើយបានទាក់ទាញ Aston Villa យ៉ាងខកចិត្ត។
គ្រូ និងសិស្សរបស់ Rangnick នឹងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញសម្រាប់កៅអី Champions League នៅរដូវកាលក្រោយ។ នោះក៏ព្រោះតែ West Ham, Arsenal និង Tottenham សុទ្ធតែស្ថិតក្នុងការប្រជែងនេះ ចំណែក Man City, Liverpool និង Chelsea ដណ្តើមបានចំណាត់ថ្នាក់កំពូលទាំងបី។
ទន្ទឹមនឹងនេះដែរ មានពាក្យចចាមអារ៉ាមជាច្រើនថា Ronaldo នឹងចាកចេញពី MU ប្រសិនបើក្រុមមិនចូលរួម Champions League នៅរដូវកាលក្រោយ។ មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នៅតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ “បិសាចក្រហម” ដោយស៊ុតបាន ១៤ គ្រាប់ក្នុង ២២ ប្រកួតក្នុងការប្រកួតទាំងអស់៕