Mbappe នឹងប្តូរពាក់អាវលេខ ១០ ក្រោយ Modric ចាកចេញពី Real Madrid
ខ្សែប្រយុទ្ធ Kylian Mbappe នឹងផ្លាស់ទៅពាក់អាវពីលេខ៩ ទៅលេខ ១០ ឱ្យក្រុម Real Madrid សម្រាប់រដូវកាលថ្មី បន្ទាប់ពី Luka Modric ចាកចេញពីក្រុមយក្សអេស្ប៉ាញ។
កន្លងមកអាវលេខ ១០ ប្រចាំក្រុម ត្រូវបានប្រើប្រាស់ដោយខ្សែបម្រើវ័យចាស់ Luka Modric ប៉ុន្តែក្រោយការចាកចេញរបស់គេ បន្ទាប់ពីរួមរស់អស់ពេល ១៣ឆ្នាំ ហើយទៅចូលរួមក្លិបថ្មី AC Milan ធ្វើឱ្យលេខអាវមួយនេះនៅទំនេរ។ កីឡាករសញ្ជាតិបារាំងប្រើប្រាស់អាវលេខ ១០ នៅជម្រើសជាតិបារាំង ហើយអាវលេខ ៧ នៅក្លិប Paris Saint Germain ប៉ុន្តែអាវលេខ ៧ សម្រាប់ក្រុម Real Madrid បច្ចុប្បន្នត្រូវបានប្រើដោយខ្សែប្រយុទ្ធ Vinicius Jr។
តាមការផ្សាយរបស់ទូរទស្សន៍ ESPN កីឡាករវ័យ ២៦ឆ្នាំ តែងតែមានចិត្តចង់បានអាវលេខ ១០ ពាក់លេងនៅក្លិប Real Madrid ដែលជាក្លិបក្តីស្រមៃរបស់គេតាំងពីវ័យក្មេង ពេលអាវនេះទំនេរគ្មានម្ចាស់។ ដំបូងឡើយ Mbappe អាចទទួលបានអាវលេខ ១០ តាំងរដូវកាលដំបូងរបស់គេ ប៉ុន្តែខ្សែបម្រើក្រូអាស៊ី Luka Modric បានបន្តកិច្ចសន្យា ១ឆ្នាំ ជាមួយ Real Madrid ដែលត្រូវបង្ខំឱ្យ គេប្រើអាវលេខ ៩ បណ្តោះអាសន្នសិន។
Modric បានផ្លាស់ទៅ AC Milan ក្រោយរូបគេចូលរួមដំណើរប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ជាមួយ Real Madrid លើទឹកដីអាម៉េរិករួចមក។
ចាប់តាំងពីចូលរួម Real Madrid កីឡាករសញ្ជាតិបារាំង នៅតែបង្ហាញខ្លួនលេងក្នុងការប្រកួតបានយ៉ាងល្អ ហើយអាចរកបានគ្រាប់បាល់ជាច្រើនគ្រាប់ រហូតឈ្នះស្បែកជើងម្ចាស់ប្រចាំ La Liga និងប្រចាំទ្វីបអឺរ៉ុប។ រដូវកាលមុន Mbappe រកបាន ៣១គ្រាប់ ប្រចាំនៅ La Liga ដែលហៀបនឹងតាមស្មើកំណត់របស់ Cristiano Ronaldo ទៅហើយ ដោយកីឡាករវ័យ ៤០ឆ្នាំ អាចរកបាន ៣៣គ្រាប់ ក្នុងរដូវកាលដំបូងរបស់គេជាមួយក្លិបយក្សអេស្ប៉ាញ។
យ៉ាងណា ទោះកីឡាករសញ្ជាតិបារាំងរកគ្រាប់បាល់បានច្រើនរដូវកាលមុន ប៉ុន្តែគេក៏នៅតែត្រូវបានអ្នកគាំទ្ររិះគន់ ចំពោះការដែលគេមិនអាចជួយក្រុមឱ្យប្រជែងឈ្នះពានរង្វាន់អ្វីបានសូម្បីតែមួយ រដូវកាលមុន។ ក្លិប Real Madrid បញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅ La Liga, Spanish Super Cup និង Copa del Rey ទៅកាន់ Barcelona ហើយធ្លាក់ចេញពីត្រឹមវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។
នៅការប្រកួត Club World Cup ឆ្នាំ២០២៥ កន្លងទៅ Mbappe ក៏ពុំសូវបានបង្ហាញខ្លួនប្រកួតបានល្អប៉ុន្មានឡើយ។ នៅការប្រកួតវគ្គចែកពូលគេបានជួបបញ្ហាជំងឺក្រពះរហូតស្រកទម្ងន់ ៥គីឡូក្រាម។ ក្រុមដឹកនាំដោយលោក Xabi Alonso ធ្លាក់ចេញត្រឹមវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើង PSG ជាអតីតក្លិបរបស់ Mbappe៕