Messi លាអ្នកគាំទ្រក្នុងការបង្ហាញខ្លួនចុងក្រោយក្នុងដីអាហ្សង់ទីន និងសន្យាជួបគ្នានៅ World Cup 2026
កំពូលកីឡាករ Lionel Messi បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងដីជាលើកចុងក្រោយ ដោយជួយក្រុមឈ្នះវ៉េណេស៊ុយអេឡា ៣-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង(CONMEBOL) ថ្ងៃទី៥ កញ្ញា។ Messi ដែលរកបាន ២ គ្រាប់ ក្នុងកីឡដ្ឋាន Monumental ទីក្រុង Buenos Aires លាអ្នកគាំទ្រ និងសន្យាជួបគ្នាម្តងទៀតនៅ World Cup 2026។
៣គ្រាប់របស់អាហ្សង់ទីន សម្រេចបានដោយប្រធានក្រុមវ័យ ៣៨ឆ្នាំ នៅនាទី៣៩ និង ៨០ និង ១គ្រាប់ ពីសំណាក់ Lautaro Martinez នៅនាទី៧៦។ ស៊ុតបញ្ចូលទី ២គ្រាប់ ប្រៀបបានជាកាដូរបស់ Messi ផ្ញើជូនអ្នកគាំទ្រ សម្រាប់ការប្រកួតចុងក្រោយបង្អស់របស់គេជាមួយជម្រើសជាតិលើទឹកដីអាហ្សង់ទីន។
ចប់ការប្រកួតភ្លាម សំណួរជាច្រើនបានសួរទៅកីឡាករមកពីក្រុម Inter Miami តើគេនឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup 2026 ឬទេ? Messi តបខ្លី «យើងនឹងរង់ចាំមើលរឿងនេះ»។ ការប្រកួតពានរង្វាន់ World Cup 2026 ដែលធ្វើនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក មានក្រុមចូលរួមសរុប ៤៨ លើកដំបូង ហើយ Messi ទំនងបង្ហាញខ្លួនប្រកួតលើកចុងក្រោយដូចគ្នា។
ក្រោយឈ្នះវ៉េណេស៊ុយអេឡា ខ្សែប្រយុទ្ធម្ចាស់ពាន World Cup 2022 បាននិយាយបង្ហាញ ការអរគុណ និងអារម្មណ៍ល្អរបស់គេទៅអ្នកគាំទ្រ ដូច្នេះថា៖«ខ្ញុំទទួលបានអារម្មណ៍ពិសេសៗជាច្រើន ដែលខ្ញុំធ្លាប់ទទួលបានបទពិសោធន៍ពីរឿងរ៉ាវជាច្រើនទាំងនេះលើទីលាន។ ខ្ញុំតែងមានអារម្មណ៍ល្អ ក្នុងការលេងឱ្យជម្រើសជាតិអាហ្សង់ទីន និងពលរដ្ឋយើងគ្រប់គ្នា ហើយយើងពិតជារីករាយខ្លាំងចំពោះការប្រកួតជាច្រើនឆ្នាំមកនេះ។ ខ្ញុំពិតជាសប្បាយចិត្ត ដែលអាចបញ្ចប់ក្នុងពេលនេះ ជាអ្វីខ្ញុំតែងតែស្រម៉ៃ។[…]»។
អតីតកីឡាករ Barcelona និង PSG ជាកីឡាករម្នាក់រកគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុមជម្រើសជាតិអាសហ្សង់ទីន ចំនួន ១១៤គ្រាប់ ហើយគេបង្ហាញខ្លួនលេងលើកដំបូងនៅឆ្នាំ ២០០៦ ក្នុងវ័យ ១៨ឆ្នាំ។ Messi ជួយអាហ្សង់ទីន ឈ្នះពាន World Cup 2022 និងឈ្នះពានរង្វាន់ Copa America ២លើក។ អាហ្សង់ទីន នឹងមានការប្រកួតចុងក្រោយវគ្គជម្រុះ World Cup 2026 ទល់ អេក្វាទ័រ នៅថ្ងៃទី៩ កញ្ញា។

ដោយឡែកការប្រកួតវគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង រកឃើញក្រុមចំនួន ៣ បន្ថែមទៀតរួមមាន អ៊ុយរូហ្គាយ កូឡុំប៊ី និងប៉ារ៉ាហ្គាយ បានកក់កៅអីស្វ័យប្រវត្តិទៅកាន់ព្រឹត្តិការណ៍ World Cup 2026 នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក បន្ទាប់ពី អាហ្សង់ទីន ប្រេស៊ីល និងអេក្វាទ័រ បានកក់កៅអីមុនគេ។
វ៉េណេស៊ុយអេឡាដែលចាញ់អាហ្សង់ទីន ឈរនៅលេខ ៧ ក្នុងតារាងវគ្គជម្រុះ ដោយរកបាន ១៨ពិន្ទុ ខណៈដេញតាមប្រជែងដោយបូលីវី នៅលេខ ៨ មាន ១៧ពិន្ទុ។ វ៉េណេស៊ុយអេឡា និងបូលីវី ត្រូវ ដណ្តើមកន្លះកៅអីទ្វីបអាម៉េរិកខាងត្បូង ដើម្បីមានឱកាសទៅប្រកួតដណ្តើមកន្លះកៅអីបន្ថែមទៀតពីការប្រកួតជម្រុះអន្តរទ្វីបទល់នឹងក្រុមឈ្នះកន្លះកៅអីមកពីទ្វីបផ្សេងទៀត។
ស៊ីលី លេខ ១០ និងប៉េរូ លេខ ៩ ធ្លាប់ជាក្រុមខ្លាំងក្នុងទ្វីបអាម៉េរិកខាងត្បូង បានខកខានឱកាសបង្ហាញខ្លួននៅ World Cup 2026 ដោយក្រុមឈរនៅកម្រិតបាតតារាងវគ្គជម្រុះ៕