| | |

Nunez ចេញពី Liverpool ជ្រើសយក Al Hilal ដោយបដិសេធសំណើក្លិប Al Nassr

Darwin Nunez  បានសម្រេចចាកចេញពី Liverpool ក្រុមម្ចាស់ការពារជើងឯក Premier League ទៅចូលរួមក្រុមអារ៉ាប៊ីសាអូឌីត Al Hilal ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ ដោយបដិសេធសំណើក្លិប Al Nassr ដែលមាន Cristiano Ronaldo ជាប្រធានក្រុម។

តម្លៃនៃការផ្ទេរពុំត្រូវបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសអះអាងថា ក្លិបមកពីអារ៉ាប៊ីសាអូឌីត បានបង់ប្រាក់ប្រមាណ ៦១,៦៩លានដុល្លារ បូករួមទាំងប្រាក់បូកបន្ថែម Add-ons ប្រមាណជាង ៥លានដុល្លារ សម្រាប់កីឡាករសញ្ជាតិអ៊ុយរូហ្កាយ វ័យ ២៦ឆ្នាំ។

«ក្លិប Al Hilal ពិតរីករាយក្នុងការប្រកាសអំពីការចុះកិច្ចសន្យានាំយកកីឡាករខ្សែប្រយុទ្ធ Darwin Nunez ពីក្រុម Liverpool FC លើកិច្ចសន្យារយៈពេល ៣ឆ្នាំ។ Nunez បានចូលរួមជាមួយនឹងក្លិប ហើយបានចូលហ្វឹកហាត់អំឡុងពេលក្រុមកំពុងធ្វើដំណើរប្រកួតមិត្តភាព ក្នុងប្រទេសអាល្លឺម៉ង់»។ នេះបើតាមការប្រកាសលើគេហទំព័រផ្លូវការរបស់ក្លិប Al Hilal។

នៅមុនពេល Nunez សម្រេចជ្រើសយកក្លិប Al Hilal ក្លិបមកពីលីគកំពូល Saudi Pro League ផ្សេងទៀតគឺក្លិប​ Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានដាក់សំណើតម្លៃប្រហែលគ្នានេះ ដើម្បីចង់យកកីឡាករអ៊ុយរូហ្គាយទៅរួមក្រុម។

កីឡាករវ័យ ២៦ឆ្នាំ បានផ្លាស់ទៅចូលរួមក្លិប Liverpool ក្នុងឆ្នាំ ២០២២ ដោយផ្ទេរចេញពីក្លិប SL Benfica ក្នុងតម្លៃផ្ទេរប្រមាណ ៧៥លានអឺរ៉ូ(៨៧លានដុល្លារ)​។ ប្រើពេលលេងឱ្យក្រុមជើងឯក Premier League ២០សម័យ កីឡាករសញ្ជាតិអ៊ុយរូហ្គាយ ពុំសូវបង្ហាញខ្លួនបានល្អខ្លាំងប៉ុន្មានឡើយ ដោយគេរកបានត្រឹមតែ ៤០គ្រាប់ បញ្ជូនបាល់ ២៦លើក ពីការបង្ហាញខ្លួន ១៤៣លើក។

រដូវកាលមុនទោះក្រុមលើកពានរង្វាន់លីគកំពូលអង់គ្លេស ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ រកឃើញថាខ្លួនគេផ្តើមរសាត់ប្រជាប្រិយភាពក្នុងក្រុម និងក្រោមការដឹកនាំរបស់លោក Arne Slot ដោយគេបង្ហាញខ្លួនលេងបានត្រឹមតែ ៨ប្រកួត ហើយរកបាន ៥គ្រាប់ ប៉ុណ្ណោះរដូវកាលមុន។ ការលក់ចេញ Nunez ក៏បានជួយឱ្យ Liverpool រកបានចំណូលត្រឡប់មកវិញខ្លះ ក្រោយក្រុមបានចាយប្រាក់ជាង ៣០០លានផោន(៤០០លានដុល្លារ) ទិញចូលកីឡាករថ្មីមករួមក្រុម។

ក្លិប Liverpool រដូវកាលថ្មីនេះ បាននាំចូលកីឡាករមានតម្លៃខ្លួនផ្ទេរថ្លៃៗ ដោយក្នុងនោះរួមមាន Florian Wirtz តម្លៃ ១១៦លានផោន(១៥៦លានដុល្លារ) និងខ្សែប្រយុទ្ធ Hugo Ekitike តម្លៃប្រមាណ ៦៩លានផោន(៩២លានដុល្លារ) និងខ្សែការពារចំនួន​ ២រូបផ្សេងទៀតសុទ្ធសឹងមានតម្លៃថ្លៃដូចគ្នា។

គូសបញ្ជាក់ថា ក្លិប Al Hilal ដែលខ្សែប្រយុទ្ធ Darwin Nunez ទៅចូលរួម បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី លោក Simone Inzaghi ហើយជាក្រុមអាស៊ីដំបូងគេ ដែលអាចផ្តួលក្រុមខ្លាំងពីអង់គ្លេស នៅក្នុងការប្រកួតពានរង្វាន់ផ្លូវការ អំឡុង FIFA Club World Cup ឆ្នាំ ២០២៥ កាលពីខែកក្កដា កន្លងទៅ៕

Similar Posts