Premier League អាច​នឹង​កាត់​បន្ថយ​​ម៉ោង​លេង​ជំនួស​៩០​នាទី អាច​មកត្រឹម៧០-៨០នាទីវិញ។

0
612

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League អាច​នឹង​​លេង​តិច​ជាង​៩០​នាទី ពេល​ដែល​រដូវ​កាល​បន្ត​លេង​សាជាថ្មី។ នេះ​បើ​តាម​ការ​និយាយ​របស់​លោក Gordon Taylor​ ប្រធាន​នាយក​ប្រតិបត្តិ​​សមាគម​កីឡាករ​បាល់ទាត់​អាជីវ (PFA)។

មន្ត្រី​ជាន់​ខ្ពស់​កំពុង​ពិចារណា​​​វិធានការ​មួយ​ចំនួន​​​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​កីឡាករ​​និង​បុគ្គលិក​ពី​វិបត្តិ​វីរុស​កូរ៉ូណា រួម​មាន​ ទីកន្លែង​ប្រកួត​អព្យាក្រឹត​ និង​ការ​បន្ថែម​កីឡាករ​បម្រុង​ក្នុង​រាល់​ប្រកួត។ សម្រាប់​ពេល​នេះ​លោក Taylor បាន​លើក​ឡើង​ថា សំណើ​នៃ​ការ​ពង្រួម​ពេលវេលា​ប្រកួត​ក្នុង​​​មួយ​តង់​ៗ​កំពុង​ស្ថិត​នៅ​លើ​តុ​យក​ទៅ​ពិភាក្សា​ជាមួយ​ក្លឹប​ទាំង​២០​នៅ​សប្ដាហ៍​នេះ។

សាកសួរ​ពី​ការ​រំសាយ​លីគ លោក Taylor បាន​បកស្រាយ​ថា គ្រប់​យ៉ាង​ត្រូវ​រង​ចាំ​និង​មើល​ទាំង​អស់​គ្នា។ គ្មាន​នរណា​ដឹង​ពី​អនាគត​នោះ​ទេ។ រឿងរ៉ាវ​កីឡាករ​​បម្រុង ការ​ប្រកួត​អាច​មិន​ពេញ​៤៥​នាទី​ក្នុង​មួយ​តង់ ទីកន្លែង​ប្រកួត​អព្យាក្រឹត និង​រឿង​ជា​ច្រើន​​ទៀត​​កំពុង​ដាក់​គិតគូរ​។

លោក​បន្ថែម​ថា៖ “ពួក​យើង​កំពុង​ព្យាយាម​រង់​ចាំមើល​ថា​តើ​សំណើ​មាន​អ្វីខ្លះ​និង​មាន​ការ​គោរព​អនុញ្ញាត​ឲ្យ​អ្នកគ្រប់គ្រង គ្រូ​បង្វឹក​និង​កីឡាករ​ទាំង​អស់​បំពេញ​បន្ថែម​នូវ​អ្វី​ដែល​បាន​ស្នើ​ឡើង”។​​