ក្លិបនៅក្របខណ្ឌ English Premier League បានយល់ស្របគ្នាចាប់ផ្ដើមឡើងវិញ នូវការហ្វឹកហាត់ដែលអាចប៉ះពាល់គ្នាបាន ខណៈដំណើរការចាប់ផ្ដើមឡើងវិញ ដើម្បីបញ្ចប់រដូវកាលនេះឈានមួយដំណាក់កាលទៀត។ កីឡាករនៃក្លិបនីមួយៗនឹងអាចហ្វឹកហាត់ជាក្រុមបាន នឹងអាចប៉ះពាល់គ្នាបានដែលរួមមានការដណ្ដើមបាល់ ការឈូសស្លាយយកបាល់ជាដើម។
កីឡាករ គ្រូបង្វឹក ក៏ដូចជាក្រុមការងារពាក់ព័ន្ធ នឹងទទួលបានការធ្វើតេស្តរកមេរោគ Covid-19 ២លើកក្នុងមួយសប្ដាហ៍ នៅពេលការហ្វឹកហាត់ដំណាក់កាលទី២ ឈានមកដល់។ ការសំរេចឈានដល់ដំណាក់កាលទី២ នៃការហ្វឹកហាត់ដែលអាចប៉ះពាល់គ្នាបាននេះ ក្រោយពីមានការពិគ្រោះយោបល់ពីក្លិបទាំង ២០ រួមជាមួយកីឡាករ អ្នកចាត់ការ ក្រុមការងារពាក់ព័ន្ធជាដើម។
គិតមកដល់ពេលនេះមនុស្ស ៨នាក់នៅ Premier League ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន Covid-19 ក្នុងចំណោមការធ្វើតេស្តសរុប ១៧៤៤លើកនៃជុំទី២ ខណៈជុំទី៣ ប្រកាសម្សិលមិញរកឃើញវិជ្ជមាន ៤នាក់ទៀត។ English Premier League បានចាប់ផ្ដើមហ្វឹកហាត់ដោយមិនប៉ះពាល់កាលពីសប្ដាហ៍មុន ជាលើកដំបូងតាំងពីផ្អាកសកម្មភាពកាលពីថ្ងៃទី១៣ ខែមីនា៕