Real Madrid ថាចង់បានកីឡាករល្បីបំផុត និងជាម្ចាស់ពានកីឡាករឆ្នើម ៣ដងរូបនេះ…

0
771

យោងសារព័ត៌មានដែលចុះផ្សាយជាភាសាអេស្ប៉ាញដោយ Don Balon បានឱ្យដឹងថា ក្លឹបស្តេចស Real Madrid បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Spurs និងជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min។

ប្រធានក្លឹបស្តេចស លោក Florentino Perez គឺជាអ្នកគាំទ្រមួយរូបរបស់កីឡាករអាស៊ីល្អបំផុតនាពេលបច្ចុប្បន្ននេះ ខណៈដែលកីឡាករវ័យ ២៧ឆ្នាំ រូបនេះ បាន និងកំពុងតែធ្វើព្យុះធ្វើភ្លើងនៅក្លឹប Spurs និងក្នុងក្របខណ្ឌ Premier League ជាច្រើនរដូវកាលមកហើយនោះ។

ទោះជាយ៉ាងណា ក្លឹបមាន់ខ្នាយមាស Spurs មិនមានចំណាប់អារម្មណ៍ក្នុងការលក់គ្រាប់ពេជ្ររបស់ខ្លួនឡើយ ហើយក៏មិនពិចារណាសំណើណាមួយក្នុងតម្លៃទាបជាង ១៥០លានផោនដូចគ្នា ស្របពេលដែល Son នៅសល់កុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៣ ឯណោះ។

តារាអាស៊ីរូបសង្ហាឈ្នះពានកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី ៣សម័យកាលរូបនេះ បានចូលរួមជាមួយក្លឹប Spurs កាលពីដើមរដូវកាល២០១៥-២០១៦ ពីក្លឹប Bayer Leverkusen ក្នុងតម្លៃត្រឹម ៣០លានផោន។ រយៈពេល ៥រដូវកាលនៅក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ រូបគេបានបង្ហាញខ្លួនឱ្យក្លឹប Spurs បានចំនួន ២២០ប្រកួត ជាមួយគ្រាប់បាល់ ៨៣គ្រាប់ និងបញ្ជូនបាល់ ៤៤គ្រាប់ផងដែរ៕