Ronaldo ថានឹងនៅតែបន្តលេងឱ្យ Al Nassr ក្រោយពីឈ្នះពាន Nations League

0
16

កិច្ចសន្យារវាងតារាបាល់ទាត់ព័រទុយហ្កាល់ ជាមួយ​ក្លិបក្នុងលីគ អារ៉ាប៊ីសាអូឌីត នឹងផុត​នៅ​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា​។ Ronaldo ទើបជួយ​ជម្រើសជាតិព័រទុយហ្កាល់ ដណ្តើមបាន​ពាន​រង្វាន់ UEFA Nations League កាលពីថ្ងៃទី៨ មិថុនា ដោយយកឈ្នះការប្រកួតទល់នឹង​អេ​ស្ប៉ាញ​។ ក្រោយឈ្នះពាន កីឡាករវ័យ៤០ឆ្នាំ បានចេញមុខអះអាង​អំពីរឿងអនាគត​របស់​គេ ថានឹងបន្តនៅក្លិប Al Nassr ដដែលគ្មានការផ្លាស់ប្តូរក្លិបឡើយ ឆ្លើយតបទៅនឹងសំណួរ​របស់ក្រុមអ្នកកាសែត។

កន្លងទៅ អតីតខ្សែប្រយុទ្ធក្លិប Real Madrid, Manchester United ធ្លាប់ទទួលបានសំណើ​ផ្ទេរ​ជាច្រើន ពីសំណាក់ក្លិបធំៗនៅអារ៉ាប៊ីសាអូឌីត និងក្លិបមួយចំនួនពីប្រេស៊ីល ដែល សុទ្ធ​សឹងជាក្លិប មានកៅអីប្រកួត ​FIFA Club World Cup ឆ្នាំ២០២៥ នៅអាម៉េរិក។ ក្លិប Al Hilal កន្លងទៅ ត្រូវបានគេលើកយកមកនិយាយ ផ្សារភ្ជាប់ហូរហែទៅនឹងការផ្ទេរយក Ronaldo ទៅចូលរួមក្រុម បន្ទាប់ពីកិច្ចសន្យានៅក្លិប Al Nassr ហៀបផុតកំណត់។

លើសពីនេះ បន្ទាប់ពីការប្រកួតបិទបញ្ចប់រដូវកាលនៅក្នុងលីគកំពូល Saudi Pro League កីឡាករវ័យ៤០ឆ្នាំ ថែមទាំងធ្លាប់បង្ហោះសារបង្ហាញពីបំណង ​​ចង់បញ្ចប់ទំនាក់ទំនង​ជាមួយ​ក្លិប Al Nassr ហើយស្វែងរកក្លិបថ្មី ដើម្បីបន្តប្រកបអាជីពនៅវ័យចាស់របស់គេបន្តទៀត។

 ចាប់តាំងពីចូលរួមក្លិប Al Nassr តាំងពីដើមឆ្នាំ២០២៣ ក្រោយផ្តាច់កិច្ចសន្យាជាមួយ Man Utd កីឡាករសញ្ជាតិអេស្ប៉ាញ រកបានគ្រាប់បាល់៩៩លើក ក្នុងការបង្ហាញខ្លួនចំនួន​ ១០៥​ប្រកួត។ រដូវកាលនេះ កីឡាករវ័យ៤០ឆ្នាំ ក៏ក្លាយជាកីឡាករឈ្នះស្បែកជើងមាស​ប្រចាំ​លីគកំពូលអារ៉ាប៊ីសាអូឌីតដែរ ដោយរកបានគ្រាប់បាល់ចំនួន ២៥គ្រាប់ សម្រាប់ក្លិប Al Nassr។

យ៉ាងណា ប្រើពេលជាង ២ឆ្នាំ កន្លះរួចមក Ronaldo ពុំទាន់អាចដណ្តើមបានពានរង្វាន់ធំៗ​ផ្លូវការណាមួយឡើយ សម្រាប់ក្លិប Al Nassr ខណៈរដូវកាលក្រោយ ក្លិប​គ្មានកៅអីសម្រាប់​ប្រកួតក្នុងពានរង្វាន់ AFC Champions League ថែមទៀត។

ខុសគ្នាស្រឡះ នៅជម្រើសជាតិព័រទុយហ្កាល់វិញ Ronaldo បន្តរីកមុខមាត់កាន់តែខ្លាំង​ឡើង ដោយគេអាចស៊ុតបាល់បញ្ចូលទី រហូតរកបានចំនួន ១៣៨គ្រាប់ មកដល់ពេលនេះ ហើយគ្រាប់ចុងក្រោយបង្អស់ដែលស៊ុតបាន គឺនៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ពេលថ្មីៗនេះ។ Ronaldo ជួយព័រទុយហ្កាល់ឈ្នះពានរង្វាន់ទី៣ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី​ឈ្នះ Euro 2016 និង Nations League 2019៕

© អត្ថបទដើម : thmeythmey.com