អតីតគ្រូជម្រើសជាតិអង់គ្លេស Fabio Capello បានធ្វើការបន្ទោសលើ Cristiano Ronaldo និងមិត្តរួមក្រុមសម្រាប់ការការពារ ដែលធ្វើឲ្យខាង Porto ដែលលេងមានគ្នា១០នាក់ទាត់ Free-Kick ទម្លាក់ Juventus ចេញពី Champions League។
ក្នុងការប្រកួតរវាងក្រុមទាំងពីរ Porto ទទួលបានបាល់ Free-Kick ចម្ងាយ៣២ម៉ែត្រនៅម៉ោងបន្ថែមនាទី១១៥ ហើយពេលនោះកីឡាករ Sergio Oliveira ទាត់បញ្ចូលទីបានសម្រេច។ ដោយបញ្ចប់ការប្រកួតសរុបលទ្ធផលទាំងពីរជើងរបស់ក្រុមទាំងពីរគឺ ៤-៤ តែ Porto មានគ្រាប់ចំណេញក្រៅដី។
ចំពោះបាល់ Free-Kick នាទី១១៥នោះ Juventus បានដាក់ជញ្ជាំងការពារ៣នាក់ ក្នុងនោះ Ronaldo ឈរនៅកណ្ដាល។ នៅពេលដែល Sergio ទាត់ Ronaldo បានបែរខ្នងនិងលើកជើងម្ខាង ស្របពេលដែលបាល់រត់ក្រោមជើង រួចទម្លុះដៃអ្នកចាំទី Szczesny បានសម្រេច។
ក្នុងចំណុចនេះលោក Capello ដែលបច្ចុប្បន្នជាអ្នកវិភាគរបស់ Sky Sport យល់ឃើញថា ជាកំហុសរបស់ Ronaldo ព្រោះគេខ្លាចបាល់។ Capello បាននិយាយថា វាជាកំហុសមិនអាចលើកលែកបាន។ នៅពេលដែលជ្រើសរើសកីឡាករណាទៅធ្វើជញ្ជាំងការពារ គួរតែរើសអ្នកមិនខ្លាចបាល់។ សម្រាប់ជញ្ជាំងទាំង៣របស់ Juventus រួមមាន Ronaldo, Morata និង Rabiot សុទ្ធតែបានបែរខ្នងនិងលើកជើង។ ជាកំហុសធ្ងន់ធ្ងរណាស់៕