កំពូលកីឡាករ Cristiano Ronaldo បានកើនឡើងប្រាក់បៀវត្សខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងរយៈពេល ២៣ឆ្នាំ ចុងក្រោយនេះ។ នៅពេល Cristiano Ronaldo មានវ័យ ១៧ឆ្នាំ បៀវត្សរបស់គេ រកបានត្រឹមតែ ២ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលវ័យ ៤០ឆ្នាំ បៀវត្សរបស់កីឡាករវ័យចំណាស់រូបនេះ បានកើនដល់ ២៤៥លានដុល្លារ ក្នុងមួយឆ្នាំ។
Ronaldo បង្ហាញខ្លួនក្នុងបាល់ទាត់អាជីពលើកដំបូង រដូវកាល ២០០២-០៣ លេងឱ្យក្លិប Sporting Cp ក្នុងប្រទេសកំណើតព័រទុយហ្កាល់ ដោយគេផ្តើមរកបានត្រឹមតែ ២ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ គិតពីឆ្នាំ ២០០៣-០៦ ក្រោយពីចូលរួមជាមួយនឹងក្រុមខ្លាំងអង់គ្លេស Manchester United ខ្សែប្រយុទ្ធ Ronaldo ហក់ឡើងថ្លៃពលកម្ម ៣លានដុល្លារក្នុង ១ឆ្នាំ។
ចាប់ពីឆ្នាំ ២០០៦-០៩ ប្រាក់បៀវត្សប្រចាំឆ្នាំរបស់អតីតកីឡាករក្រុម Man Utd រូបនេះ បានកើនឡើងជាលំដាប់ដល់ ១០លានដុល្លារក្នុងមួយឆ្នាំ ក្រោយពីគេបានបន្តកិច្ចសន្យាបន្ថែមជាមួយនឹងក្លិបជើងខ្លាំងអង់គ្លេស កាលនោះ។ អំឡុងពេលលេងឱ្យក្រុមរហស្សនាមបិសាចក្រហមលើកទីមួយ ពីឆ្នាំ ២០០៣-០៩ Ronaldo រកបានគ្រាប់បាល់ចំនួន ១១៨គ្រាប់ ពីការបង្ហាញខ្លួន ២៩២ប្រកួត ហើយឈ្នះពានរង្វាន់ ៩លើក ក្នុងនោះរួមមាន UEFA Champions League និង Premier League ៣លើក។
ចូលឆ្នាំ ២០០៩ ពេលកីឡាករព័រទុយហ្កាល់ ផ្លាស់ទៅក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងការផ្ទេរមានតម្លៃខ្លួន ៩៧លានដុល្លារ ពីក្លិប Man Utd ហើយពេលនោះហើយធ្វើឱ្យ Ronaldo ក្លាយជាកីឡាករមានតម្លៃខ្លួនផ្ទេរខ្ពស់ជាងគេលើលោកកាលនោះ។ ពីឆ្នាំ ២០០៩-១២ Ronaldo រកបានចំណូល ១៥លានដុល្លារ ក្នុងមួយឆ្នាំ ហើយពីឆ្នាំ ២០១៣-១៨ រូបគេបានកើនប្រាក់ខែច្រើនសន្ធឹកសន្ធាប់ដល់ ២៨លានដុល្លារ ក្នុងមួយឆ្នាំ។
ចាយពេល ៩រដូវកាល លើទឹកដីអេស្ប៉ាញ កំពូលខ្សែប្រយុទ្ធព័រទុយហ្កាល់ ស៊ុតបាល់បញ្ចូលទី ៤៥០គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៨លើក ឈ្នះពានរង្វាន់កំពូល Ballon d’Or ៤លើក, UEFA Champions League ៤លើក, La Liga ២លើក និង Copa del Rey ចំនួន ២លើក។
បន្តដល់ឆ្នាំ ២០១៨ ជាពេលដែលកីឡាករវ័យ ៤០ឆ្នាំ បានបន្តប្រកបអាជីពនៅទឹកដីអ៊ីតាលី ដោយ Ronaldo បានចូលលេងនៅក្លិប Juventus ហើយដែលគេជាកីឡាករទទួលបានប្រាក់ខែខ្ពស់ជាងគេប្រចាំក្លិប រកបាន ៣៥លានដុល្លារក្នុងមួយឆ្នាំ។ ប្រើពេល ៣ឆ្នាំ នៅអ៊ីតាលី Ronaldo រកបានគ្រាប់ស៊ុតបញ្ចូលទី ១០១គ្រាប់ ពីការបង្ហាញខ្លួន ១៣៤លើក។
នៅខែសីហា ឆ្នាំ ២០២១ ប្រធានក្រុមព័រទុយហ្កាល់ បានវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសជាលើកទី២ ហើយក៏ជាការលេងឱ្យក្រុមចាស់ Man Utd លើកទ២ ដូចគ្នាដែរ។ Ronaldo ក៏បន្តរកបានប្រាក់ពលកម្មប្រមាណ ៣៥លានដុល្លារក្នុងមួយឆ្នាំដដែលនៅអង់គ្លេស។
ចាកចេញពីទឹកដីអឺរ៉ុប ក្នុងឆ្នាំ ២០២៣ ខ្សែប្រយុទ្ធវ័យចំណាស់បានផ្លាស់ទៅក្លិប Al Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរឿងនេះក៏ធ្វើឱ្យ Ronaldo ក្លាយជាកីឡាកររកបានប្រាក់ខែច្រើនជាងគេបំផុតលើពិភពលោក ជាមួយទឹកប្រាក់ ២២៧លានដុល្លារ មួយឆ្នាំ។
ពេលថ្មីៗនេះ Ronaldo បានបន្តកិច្ចសន្យាថ្មី ២ឆ្នាំ ជាមួយនឹងក្លិបជើងខ្លាំងអារ៉ាប៊ីសាអូឌីត ហើយក៏បន្តកើនឡើងប្រាក់ពលកម្មរហូតដល់ជាង ២៤៥លានដុល្លារ ក្នុងមួយឆ្នាំ លើសពី នេះក៏មានលក្ខខណ្ឌបូកបន្ថែម ទៅលើការបង្ហាញខ្លួនល្អក្នុងការប្រកួតថែមទៀតផងដែរ។
ការរកបានចំណូលដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានធ្វើឱ្យជីវិតរបស់កំពូលកីឡាករបាល់ទាត់រូបនេះ រស់នៅក្នុងភាពស្តុកស្តម និងភាពឡូយឆាយលំដាប់មហាសេដ្ឋី។ លើសពីនេះកីឡាករវ័យ ៤០ឆ្នាំ ជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យជាច្រើន រថយន្តសេរ៊ីទំនើបៗ ទូកកម្សាន្តតម្លៃរាប់លានដុល្លារ យន្តហោះឯកជន និងទ្រព្យសម្បត្តិមានតម្លៃជាច្រើនផ្សេងទៀត៕