ក្រុមជម្រើសជាតិ និងក្លិបរុស្ស៊ីត្រូវបានព្យួរជើងក្នុងការប្រកួតអន្តរជាតិ

0
543

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី២៨ ខែកុម្ភៈ បានផ្អាកក្រុមជម្រើសជាតិ និងក្លិបនានារបស់រុស្ស៊ីពីសកម្មភាពបាល់ទាត់អន្តរជាតិរហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះដោយសាររដ្ឋាភិបាលក្រុងមូស្គូលុកលុយប្រទេសអ៊ុយក្រែនទាំងខុសច្បាប់។

ការសម្រេចរបស់ FIFA និង UEFA ក៏ទំនងធ្វើឱ្យក្រុមជម្រើសជាតិរុស្ស៊ីត្រូវបានដកចេញពីការប្រកួត World Cup នៅប្រទេសកាតាចុងឆ្នាំនេះ ព្រមទាំងការប្រកួត Euro 2022 របស់ស្ត្រីផង។

«ថ្ងៃនេះ FIFA និង UEFA បានសម្រេចចិត្តរួមគ្នាថាក្រុមរុស្ស៊ីទាំងអស់ មិនថាក្រុមតំណាងជាតិ ឬក្រុមក្លិបអាជីព នឹងត្រូវផ្អាកពីការចូលរួមក្នុងការប្រកួតទាំងក្របខណ្ឌ FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែ»។ UEFA ប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះ។

ទាំង UEFA និង FIFA រៀបរាប់ពីការសម្រេចរបស់ខ្លួន ដោយផ្អែកលើស្ថានភាពអាក្រក់ដែលបង្កដោយមេដឹកនាំរុស្ស៊ីវ៉្លាឌីមៀ ពូទីន តាមរយៈការបញ្ជាទ័ពលុកលុយអ៊ុយក្រែន និងបានសម្លាប់ជនស៊ីវិលនិងទាហានអ៊ុយក្រែនរាប់រយនាក់។

ការិយាល័យក្រុមប្រឹក្សា FIFA និងគណៈកម្មាធិការប្រតិបត្តិរបស់ UEFA លើកឡើងថា នេះជាការសម្រេចចិត្តបន្ទាន់មួយ ស្របពេលសហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ ឆែក និងស៊ុយអែតបដិសេធមិនលេងជាមួយរុស្ស៊ីក្នុងការប្រកួត World Cup វគ្គជម្រុះ Playoff តំបន់អឺរ៉ុប។

ការសម្រេចចិត្តនេះដែរក៏មានន័យថាក្រុម Spartak Moscow របស់រុស្ស៊ី នឹងមិនបានលេងការប្រកួត Europa League ទល់នឹងក្រុម RB Leipzig ទេ ដូច្នេះក្រុមអាល្លឺម៉ង់នឹងឡើងទៅវគ្គ៨ក្រុងមចុងក្រោយដោយស្វ័យប្រវត្តិ។

យ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពនៅអ៊ុក្រែនប្រសើរឡើងវិញឆាប់ៗ FIFA និង UEFA នឹងដកការព្យូរនេះចេញវិញ៕