ក្លិបទាំងអស់ បានព្រមព្រៀងគ្នាសម្រេចឱ្យយុវជន២រូប លេង៩០នាទីពេញ ដើម្បីសម្រេចគោលដៅស៊ីហ្គេម

0
636

ក្លិបធំៗនៅកម្ពុជា បានជួបពិភាក្សាជាមួយអ្នកចាត់ការជម្រើសជាតិកម្ពុជា លោក Kaisuke Honda (GM) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ Emion ដើម្បីរៀបចំគោលដៅរួម ក្នុងការសម្រេចបានលទ្ធផលល្អ នាការប្រកួតស៊ីហ្គេម ២០២៣។ កិច្ចសំណេះសំណាលនេះ ក្រោមការរៀបចំពី លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League (CPL) ។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបវិសាខា បានបញ្ជាក់ថា អ្នកគ្រប់គ្រងក្លិបទាំង៨ និងលោក Kaisuke Honda និង លោក Ryu Hirose គ្រូជម្រើសជាតិកម្ពុជា បានដាក់ផែនការយកចិត្តទុកដាក់កសាង និងអភិវឌ្ឍន៍បាល់ទាត់កម្ពុជាឲ្យឆ្ពោះទៅមុខ ។ បើតាមលោក សុចិត្រា គ្រប់បណ្ដាក្លិបទាំងអស់ បានព្រមព្រៀងគ្នាសម្រេចឱ្យយុវជន២រូប លេង៩០នាទីពេញ ក្នុងការប្រកួត ដើម្បីពង្រឹងសមត្ថភាពពួកគេ។

«ការចូលរួមរបស់ក្លិបសម្រាប់គោលដៅ ស៊ីហ្គេម ខាងមុខ គឺ ក្លិបអនុវត្តតាមគោលការណ៏របស់ច្បាប់ការប្រកួត ដែលតម្រូវឲ្យមានកីឡាករយុវជន ក្រោម ២២ឆ្នាំ ២នាក់ ក្នុងការប្រកួត៩០នាទី និងការចូលរួមពង្រឹងសមត្ថភាពតាម រយៈហ្វឹកហាត់ និង ការឧបត្ថម្ភនានា »។ នេះបើតាមអ្នកចាត់ការទូទៅក្លិបវិសាខា ដែលបាន​ប្រាប់សារព័ត៌មានថ្មីៗតាមបណ្ដាញសង្គមតេឡេក្រាមថា ការអនុវត្តគោលការណ៍បែបនេះ ជាផ្នែកមួយចូលរួមពង្រឹងសមត្ថភាព និងផ្ដល់ឱកាសដល់កីឡាករថ្នាលផងដែរ។

ក្រៅពីរៀបចំគោលការណ៍នេះ អ្នកគាំទ្រក៏ដើរតួនាទីសំខាន់ ក្នុងការជួយផ្ដល់ជាស្មារតីលើកទឹកចិត្ត ជំរុញដល់កីឡាករ និងមន្ដ្រីការងារទាំងអស់ទៀតផង ។

ក្លិបលីគកម្ពុជាទាំង៨ (Cambodian Premier League) រួមមានភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, វិសាខា, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និង​គិរីវង់សុខសែនជ័យ៕