ប្រធាន​សហព័ន្ធ​បាល់ទាត់​អុី​តា​លី​ចង់​ឃើញ​​វត្តមាន​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន​ពេល​លី​គ​ចាប់ផ្តើម

0
738

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អុី​តា​លី (FIGC) បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹមថា​អ្នកគាំទ្រ​មួយ​ចំនួន អាច​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ត្រឡប់​ចូល​កីឡដ្ឋាន​វិញ ដើម្បី​ទស្សនាការ​ប្រកួត​ក្រប​ខណ្ឌ Serie A ពេល​ការ​ប្រកួត​ត្រឡប់​មក​វិញ​។

សកម្មភាព​ប្រកួតប្រជែង​ក្រប​ខណ្ឌ Serie A នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ប៉ុន្តែ​មិន​ខុស​ពី​ការ​ប្រកួត​លី​គ​អឺរ៉ុប​ធំ​ៗ​ដទៃ​ទៀត ដែល​ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។

ប្រធាន FIGC លោក Gabriele Gravina បាន​ថ្លែងប្រាប់​វិទ្យុ​អ៊ី​តា​លី Radio 24 ថា «​វា​ពិបាក​ក្នុង​ការ​ស្រ​ម៉ៃ ជាមួយនឹង​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់ ដែល​អ្នក​កំពុង​អនុវត្ត​។ ហើយ​អ្នក​មិន​អាច​កំណត់​ភាគរយ​ជាក់លាក់​ណាមួយ ចំពោះ​ចំនួន​មនុស្ស​នៅ​ក្នុង​កីឡាដ្ឋាន ដែល​មាន​កន្លែង​អង្គុយ​រហូត​ដល់ ៦០,០០០ ឬ ៨០,០០០ បាន​ទេ​។ ប៉ុន្តែ​វា​នឹង​ក្លាយជា​ក្តី​សង្ឃឹម សម្រាប់​បាល់ទាត់​របស់​យើង​»​។

លោក​ក៏​បាន​បន្ថែម​ថា ការ​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន កំពុង​ត្រូវ​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ហើយ​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​សញ្ញា​នៃ​ក្តី​សង្ឃឹម សម្រាប់​បាល់ទាត់​របស់​ប្រទេស​អ៊ី​តា​លី​។

ក្រប​ខណ្ឌ Serie A បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ទាំងអស់ នឹង​ត្រូវ​លេង​ពីរ​ប្រកួត​ក្នុង​មួ​យស​ប្តា​ហ៍ ខណៈ​កាលវិភាគ​នឹង​មានការ​ប្រកួត​ស្ទើរតែ​រាល់ថ្ងៃ​នៅ​ពេល​លី​គ​កំពូល​អ៊ី​តា​លី​នេះ​ចាប់ផ្តើម ។​ជំនួប​រវាង​ក្រុម Torino នឹង​ក្រុម Parma នឹង​ក្លាយជា​ការ​ប្រកួត​ដំបូង​គេ​នៅ​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​មក​គឺជា​ការ​ប្រកួត​រវាង​ក្រុម Verona នឹង​ក្រុម Cagliari ។

ក្រឡេក​មក​មើល​តារាង​ពិន្ទុ​ក្រប​ខណ្ឌ Serie A វិញ ក្រុម Juventus កំពុង​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន ៦៣​ពិន្ទុ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត ២៦​ស​ប្តា​ហ៍​កន្លង​មក និង​តាម​ក្រោយ​ដោយ​ក្រុម Lazio ដែល​មាន ៦២​ពិន្ទុ ខណៈ​ដែល​ក្រប​ខណ្ឌ​មួយ​នេះ នឹង​បញ្ចប់​រដូវ​កាល ២០១៩-២០ របស់​ខ្លួន នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ ៕