ស្ងាត់ៗ Spurs ជិតយកបាន កម្លាំងសំខាន់ម្នាក់នេះពី PSG ហើយ

0
641

ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានរាយការណ៍មកថា ខិតជិតក្នុងការនាំយកខ្សែការពារឆ្នើមរបស់ Paris Saint-Germain កីឡាករ Thomas Meunier។

ក្រោយចំណាយរយៈពេល៤ឆ្នាំយ៉ាងជោគជ័យ នៅកីឡដ្ឋាន Parc des Princes ខ្សែការពារជម្រើសជាតិប៊ែលហ្សិក Meunier បានពន្លយប្រាប់ឲ្យដឹងថា គេចង់បានការប្រកួតប្រជែងថ្មី ខណៈកិច្ចសន្យារបស់គេនិង PSG នឹងផុតកំណត់នៅទីផ្សាររដូវក្ដៅនេះ។

បណ្ដាក្លិបធំៗមួយចំនួននៅតំបន់អឺរ៉ុប បានដាក់ការចាប់អារម្មណ៍មកលើ Meunier ហើយក្នុងនោះក៏មានក្លិបយក្សអង់គ្លេស បិសាចក្រហម Manchester United និងកាំភ្លើងធំ Arsenal ផងដែរ។

យ៉ាងណាមិញ បើតាម Le Parisien ក្រុមរបស់លោក Jose Mourinho គឺជាបេក្ខភាពឈានមុខក្នុងការនាំយកកីឡាករវ័យ២៨ឆ្នាំ ដោយពួកគេចង់នាំយក Meunier ទៅប៉ះប៉ូវកន្លែងលេងរបស់ Kieran Trippier។ ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ជឿជាក់ថា ពួកគេនឹងអាចនាំយក Meunier ដោយមិនមានតម្លៃខ្លួន។

គួរឲ្យដឹងដែរថា Thomas Meunier ចូលលេងឲ្យ PSG ក្នុងរដូវកាលនេះ បានចំនួន២៧ប្រកួត រកគ្រាប់បាល់បាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២លើក ក្នុងនាមជាខ្សែការពារស្ដាំ៕