គ្រូ Man Utd សរសើរសមាជិកថ្មី Sesko មានគុណសម្បត្តិតាមបំណងក្រុមចង់បាន
លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United សរសើរខ្សែប្រយុទ្ធចំណូលថ្មី Benjamin Sesko មានគុណសម្បត្តិ និងគុណភាពគ្រប់គ្រាន់សមតាមអ្វីដែលក្រុមចង់បានក្នុងការបង្កើនសមត្ថភាពនៅតំបន់ប្រយុទ្ធ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថែមទាំងបង្ហាញក្តីសង្ឃឹម នឹងជួយកីឡាករវ័យ ២២ឆ្នាំ ឱ្យបង្កើនសមត្ថភាពភាពបន្ថែមទៀត ក្រោយការផ្ទេរក្នុងតម្លៃថ្លៃទៅ Old Trafford។
Sesko សម្រេចការផ្ទេរចេញពី RB Leipzig ទៅក្លិបបិសាចក្រហម តម្លៃ ៧៦,៥លានអឺរ៉ូ(៨៩លានដុល្លារ) កាលពីសប្តាហ៍មុន បូករួមជាមួយនឹងប្រាក់បូកបន្ថែមលើកទឹកចិត្តប្រមាណ ៨,៥លានអឺរ៉ូ(៩,៩លានដុល្លារ)។ ខ្សែប្រយុទ្ធស្លូវេនី ចុះកិច្ចសន្យាលេងនៅទឹកដី Old Trafford រហូតដល់ឆ្នាំ២០៣០ ដើម្បីចូលបំពេញចន្លោះខ្វះខាតតំបន់ប្រយុទ្ធរបស់ក្រុម Man Utd បន្ទាប់ពីក្រុមទិញយកខ្សែបម្រើពីររូប រួមមាន Bryan Mbeumo និង Matheus Cunha។
នៅលីគកំពូលអាល្លឺម៉ង់ជាមួយនឹងក្រុម RB Leipzig ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ បង្ហាញខ្លួនចំនួន ៨៧ប្រកួត រកបានគ្រាប់បាល់សរុប ៣៩គ្រាប់។ ចំណែកនៅជម្រើសជាតិស្លូវេនី គេបង្ហាញខ្លួនលេងបានចំនួន៤១លើក។
បន្ទាប់ពីទទួលបានខ្សែប្រយុទ្ធស្របតាមបំណង ក្នុងការកសាងសមត្ថភាពក្រុមឱ្យល្អត្រឡប់មកវិញ លោក Ruben Amorim បានសរសើរ Sesko ថាមានសមត្ថភាព គុណភាពគ្រប់យ៉ាងសមតាមបំណងរបស់ក្រុមត្រូវការ។ ការលើកឡើងរបស់អ្នកចាត់ការវ័យ៤០ឆ្នាំ ធ្វើឡើងក្រោយពេល Man Utd បញ្ចប់ការប្រកួតទល់ Fiorentina ថ្ងៃទី១០ សីហា។
លោក Amorim បាននិយាយទាក់ទងនឹង Sesko ប្រាប់ទៅទូរទស្សន៍ក្លិបបិសាចក្រហម MUTV ដូច្នេះថា៖«គេមានគ្រប់លក្ខណៈសម្បត្តិដែលយើងត្រូវការ Sesko ជាកីឡាករម្នាក់ដែលមានគ្រប់បែបយ៉ាងនូវសមត្ថភាព គុណភាព ហើយជាមួយនឹងព័ត៌មានអំពីការពង្រឹងសមត្ថភាពគេបន្ថែមដែលយើងមាន។ គេមានវ័យក្មេង គេមានសមត្ថភាពសម្រេចបាល់ខាងលើ គេអាចបង្កើតឱកាសរត់បានល្អ គេល្អពេលគ្រប់គ្រងបាល់ អូសបាល់ ខ្ញុំគិតថាគេមានគុណសម្បត្តិគ្រប់យ៉ាងអស់ហើយ គេអាចនឹងពង្រឹងសមត្ថភាពរីកចម្រើនខ្លាំងបន្ថែមទៀត។»។
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ចាត់ទុកថាបុគ្គលិកលក្ខណៈរបស់ Sesko គឺជាកីឡាករម្នាក់ដែលស័ក្តិសមបំផុតសម្រាប់រួបរួមក្រុមកីឡាករ Man Utd ហើយបុរសវ័យ ៤០ឆ្នាំ ថាលោកពិតជារីករាយដែលមានកីឡាករសញ្ជាតិស្លូវេនី ក្រោមការដឹកនាំរបស់លោក។
នៅមុនពេលការប្រកួតមិត្តភាពរបស់ Man Utd យកឈ្នះក្រុម Fiorentina មកពីអ៊ីតាលីក្នុងកីឡដ្ឋាន Old Trafford កីឡាករ Benjamin Sesko បានបង្ហាញខ្លួនចំពោះមុខអ្នកគាំទ្រមុនការប្រកួតចូលមកដល់ ហើយកីឡាករស្លូវេនី ក៏បានអង្គុយទស្សនាការប្រកួតនោះ។
គូសបញ្ជាក់ថា Man Utd នៅរដូវកាលថ្មីនេះ បានចាយប្រាក់ប្រមាណជាង ២០០លានផោន(២៧០លានដុល្លារ) ដើម្បីយកកីឡាករខ្សែប្រយុទ្ធមកពង្រឹងក្រុម ក្រោយរដូវកាលមុន Man Utd បញ្ចប់ចំណាត់ថ្នាក់មិនល្អឈរលេខ ១៥ ក្នុងតារាង Premier League ជារដូវកាលដ៏អាក្រក់បំផុតដែលក្លិបមិនធ្លាប់បានជួបប្រទះពីមុនមក។ នៅថ្ងៃបើកឆាកការប្រកួត Premier League រដូវកាល ២០២៥-២៦ ក្រុម Man Utd នឹងត្រូវប្រកួតតទល់ Arsenal ថ្ងៃទី១៧ ខែសីហា៕