ចាញ់ ASEAN All-star នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំអន់ Man Utd៖ «សង្ឃឹមអ្នកមិនធ្លាក់ពី EPL ទៅចុះ»

0
17

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បាននិយាយបែបចំអន់ឱ្យ Manchester United ថារដូវកាលក្រោយសង្ឃឹមក្រុមនេះមិនធ្លាក់ពី Premier League បន្ទាប់ពីពួកគេចាញ់ ASEAN All-star លទ្ធផល ១-០ ក្នុងជំនួបមិត្តភាព ថ្ងៃទី២៨ ខែឧសភា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមអ្នកគាំទ្រជាង ៧២ ០០០នាក់ បានទៅទស្សនាការប្រកួតមិត្តភាពរវាង Man Utd ទល់នឹង ASEAN All Star ក្នុងកីឡដ្ឋាន Bukit Jalil កាលពីថ្ងៃម្សិលមិញនេះ។ ក្រោយមើលឃើញពីទម្រង់លេងដ៏សោះក្រក្រោះរបស់បិសាចក្រហម លោក Anwar Ibrahim បង្ហោះសារនៅលើបណ្តាញសង្គម ដោយនិយាយបែបលេងសើច និងចំអន់ ក្រុមរបស់លោក Ruben Amorim។

«Man Utd បរាជ័យក្នុងការឈ្នះពានរង្វាន់មួយថែមទៀតហើយពេលនេះ។ នេះហាក់ប្រៀបបានថាអ្នកកំពុងស្ថិតក្នុងស្ថានភាពរដូវកាលដ៏អាក្រក់ និងលំបាកបំផុតមួយ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងមិនធ្លាក់ទៅកាន់ក្របខណ្ឌ Championship (ក្របខណ្ឌកម្រិតទី២ ប្រចាំអង់គ្លេស) ទៅចុះ។»។ នេះបើតាមការសរសេររបស់លោក Anwar Ibrahim នៅលើបណ្តាញសង្គម។

Man Utd បានបញ្ចប់រដូវកាល​ ២០២៤-២៥ ក្នុងក្របខណ្ឌ Premier League ជាក្រុមឈរនៅចំណាត់ថ្នាក់លេខ ១៥ ហើយពួកគេថែមទាំងចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមថ្វីជើង Tottenham Hotspur។

រំឮកការប្រកួតមិត្តភាពនោះ កីឡាករម៊ីយ៉ាន់ម៉ា Muang Muang Lwin ជាអ្នកស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះ ទល់ Man Utd នៅនាទី៧២។ 

គួរបញ្ជាក់ថាក្រុម Man Utd នឹងត្រូវបន្តដំណើរទៅកាន់ទឹកដីហុងកុង ដើម្បីបន្តការប្រកួតមិត្តភាពបិទរដូវកាល របស់ពួកគេ ហើយដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ឧសភា ក្នុងកីឡដ្ឋាន Hong Kong ៕

© អត្ថបទដើម : thmeythmey.com