យុវជនលេចធ្លោ Yamal និង Mastantuono ត្រូវការពេលអភិវឌ្ឍខ្លួន ដើម្បីកើនសមត្ថភាពដល់កម្រិតកំពូល

0
3

Yamal យុវជនវ័យ ១៧ឆ្នាំ សញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នជាកីឡាករកំពុងធ្វើព្យុះភ្លៀងខ្លាំងនៅក្លិប​ Barca ដោយរូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើនក្នុងរដូវកាល ២០២៤-២៥។ ចំណែក Mastantuono វិញ ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាហ្សង់ទីន កំពុងឡើងជើងនៅក្លិប River Plate ក៏ធ្វើឱ្យផ្ទុះចំណាប់អារម្មណ៍ ប្រចាំបាល់ទាត់ប្រទេសអាហ្សង់ទីនដូចគ្នា។

មើលឃើញពីពន្លកកីឡាករថ្មីមានសមត្ថភាព ក្នុងវិស័យបាល់ទាត់ លោក Trezeguet អតីតកីឡាករជម្រើសជាតិបារាំង ទាមទារឱ្យកីឡាករវ័យក្មេងទាំងពីរ ត្រូវការពេលលេងឱ្យបានច្រើន និងគ្មានសម្ពាធពីមជ្ឍដ្ឋានជុំវិញខ្លួន ដើម្បីអាចមានកម្រិតសមត្ថភាពឈានដល់កម្រិតកំពូល។

«Yamal ជាកីឡាករម្នាក់មានទេពកោសល្យពិសេស ជាកីឡាករមួយរូបបាននាំមកនូវរបៀបលេងខុសពីអ្នកដទៃ។ Yama កើតចេញពីយុវជន Barcelona ជាទីកន្លែងធ្លាប់បង្កើត Lionel Messi ហើយពេលនេះគឺ Yamal គឺស្រដៀងគ្នា ហើយបានចម្លងរូបមន្តនោះពីនិមិត្តរូបរបស់គេ។ ចំណែក Mastantuono កំពុងបង្ហាញគុណសម្បត្តិ ទាំងអស់ នៅត្រឹមវ័យក្មេងបែបនេះ។ […] ពួកគេត្រូវការប្រកួតឱ្យបានច្រើន យើងត្រូវឱ្យពួគគេប្រឡូករាល់គ្រប់កម្រិតការប្រកួត ឱ្យពួកគេរីករាយក្នុងការបង្ហាញសមត្ថភាព ព្រោះពួកគេត្រូវការពេលបញ្ចេញសមត្ថភាពពិសេសរៀងៗខ្លួន។​»។ នេះបើតាមការលើកឡើងរបស់លោក Trezeguet អតីតកីឡាករម្ចាស់ពាន World Cup ឆ្នាំ ១៩៩៨ ជាមួយជម្រើសជាតិបារាំង។

អតីតកីឡាករបាល់ទាត់វ័យ ៤៧ឆ្នាំ ​ចាត់ទុកកីឡាករវ័យក្មេងទាំងពីរថា ជាកីឡាករយុវជនគួរឱ្យចាប់អារម្មណ៍បំផុតនៅពេលនេះ ហើយគួរតែតាមដានបំផុតទៅលើកម្រិតសមត្ថភាព និងទេពកោសល្យរបស់ពួកគេទាំងពីរ។
សម្រាប់ Yamal រូបគេគឺជាកីឡាករវ័យក្មេងបំផុត ត្រឹមវ័យ ១៦ឆ្នាំ ដែលបានបង្ហាញខ្លួនក្នុងការប្រកួតព្រឹត្តិការណ៍ Euro 2024 ហើយថែមទាំងអាចស៊ុតបាល់បញ្ចូល នៅការបង្ហាញខ្លួនដំបូងឱ្យជម្រើសជាតិអេស្ប៉ាញថែមទៀត។ ជាមួយ Barcelona វិញ រូបគេបានឈ្នះពានរង្វាន់ La Liga, Copa Del Rey, Spanish Super Cup ព្រមទាំងពានរង្វាន់ Euro 2024 ជាមួយនឹងជម្រើសជាតិអេស្ប៉ាញផងដែរ។

រដូវកាល ២០២៤-២៥ កីឡាករវ័យ ១៧ឆ្នាំ អេស្ប៉ាញរូបនេះ ក៏បានរួមចំណែកជួយក្រុមប្រជែងពានរង្វាន់ Spanish Super Cup, Copa del Rey ខណៈក្រុមក៏ហៀបនឹងឈ្នះ La Liga ថែមទៀត។ 

ចំណែក Mastantuono វិញ បច្ចុប្បន្នរូបគេក៏ជាកីឡាករប្រៀបបានទៅនឹងគ្រាប់ពេជ្រមួយ ដែលត្រូវការកែច្នៃដោយក្លិបនៅតំបន់អឺរ៉ុប បន្ទាប់ពីរូបគេដែលទើបបង្ហាញខ្លួនក្នុងរដូវកាលនេះ ប៉ុន្តែអាចរក្សាតំណែងកៅអីជម្រើស ១១នាក់ដំបូងក្នុងក្រុម River Plate។ កីឡាករសញ្ជាតិអាហ្សង់ទីន ពោរពេញដោយទេពកោសល្យរូបនេះ ក៏កំពុងត្រូវបានក្លិបជាច្រើនចង់បានក្នុងនោះរួមមាន Real Madrid, Manchester United, Paris Saint Germain ហើយក៏រួមមាន Barcelona មួយផងដែរ៕

© អត្ថបទដើម : thmeythmey.com