ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ដែលប្រព្រឹត្តទៅនៅខែឧសភា នៅប្រទេសវៀតណាមខាងមុខនេះ កម្ពុជាជាក្រុមមួយក្នុងចំណោមក្រុមបាល់ទាត់នៅអាស៊ីអាគ្នេយ៍ ដែលនឹងចូលរួមប្រកួតកីឡាបាល់ទាត់បុរស ។ បើតាមលទ្ធផលចាប់ឆ្នោតក្រុម U23 កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយគូប្រកួតផ្សេងទៀតដូចជា ថៃ ឡាវ សិង្ហបុរី និងម៉ាឡេស៊ី។
អ្នកដឹកនាំ U23 កម្ពុជា ទៅប្រកួតស៊ីហ្គេមលើកទី៣១ គឺលោក Keisuke Honda ដែលជាគ្រូបង្វឹក។ អតីតតារាឆ្នើមរបស់ក្លឹប AC Milan និងសហការីក្នុងក្រុមគ្រូបង្វឹកបានចាប់ផ្ដើមរៀបចំក្រុម U23 កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមទី៣១ និងសម្រាប់ស៊ីហ្គេមទី៣២ផងដែរ។
បើទោះជាមានតួនាទីជាគ្រូបង្វឹកក៏ដោយ លោក Keisuke Honda នៅតែមិនចង់បញ្ឈប់អាជីពបាល់ទាត់របស់គាត់នៅឡើយទេ ។ កាលពីពេលថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់លោក Honda បានបង្ហោះ Status ថា “I want to score goals in 20 countries. Come on my legs” ។
គិតមកដល់ពេលនេះ គ្រូបង្វឹកកម្ពុជាបានស៊ុតបញ្ចូលទីបាន១១ក្លិបក្នុង៩ប្រទេសផ្សេងគ្នា ។ វាអាចត្រូវបានគេមើលឃើញថា លោក Honda នៅតែមានបំណងប្រាថ្នាចង់លេងបាល់ដល់ចំណុចកំពូលបើទោះបីជាលោកមានអាយុ ៣៦ ឆ្នាំហើយក៏ដោយ ដែលជាអាយុជិតនឹងឈានចូលដល់ការបញ្ចប់អាជីពរបស់កីឡាករបាល់ទាត់អាជីពទូទៅ ។
មុននោះ លោក Keisuke Honda ខ្លួនឯងក៏បានបង្ហាញពីមហិច្ឆិតាចង់ឈ្នះ SEA Games លើកទី៣២ ជាមួយ U23 កម្ពុជា ៖ “ខ្ញុំពេញចិត្តក្នុងការបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ/U22 កម្ពុជា គោលដៅរបស់ខ្ញុំគឺនាំមកនូវភាពជោគជ័យដល់ក្រុមកម្ពុជា នៅស៊ីហ្គេមលើកទី៣២ ។ យើងមានខ្សែយុវជនដែលមានសក្ដានុពល និងគុណភាពខ្ពស់។ យើងនឹងផ្តួលក្រុមទាំងអស់ដើម្បីឈ្នះជើងឯកនៅឆ្នាំ ២០២៣”។ លោក Honda បាននិយាយនៅក្នុងវីដេអូចែករំលែកអារម្មណ៍របស់លោកដែលបានបង្ហោះទៅកាន់គេហទំព័រ សហព័ន្ធបាល់ទាត់កម្ពុជា ៕