Kane ក្លាយជាកីឡាកររកគ្រាប់បាល់ ៥០គ្រាប់លឿនជាងគេនៅ Bundesliga

0
6

Kane កីឡាករសញ្ជាតិអង់គ្លេស ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ នៅក្នុងវគ្គទី២ ជួយក្រុម Bayern Munich បំបាក់ក្រុម Augsburg ក្នុងជំនួបពានរង្វាន់ Bundesliga ដោយគ្រាប់បាល់ ២គ្រាប់ចំណោមនោះ កើតឡើងពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បានសម្រេច។ Kane រកបានគ្រាប់បាល់ចំនួន ៥០គ្រាប់ នៅលីគកំពូលអាល្លឺម៉ង់ ដោយប្រើពេលវលាត្រឹមតែ ៤៣ប្រកួតប៉ុណ្ណោះ។

អតីតខ្សែប្រយុទ្ធក្រុម Borussia Dortmund ដែលកំពុងប្រកពអាជីពនៅក្លិប Manchester City របស់ប្រទេសអង់គ្លេស កីឡាករ Erling Haaland ធ្លាប់រកបានគ្រាប់បាល់ទី៥០ របស់គេនៅក្នុង Bundesliga ដោយប្រើពេលវេលាប្រកួតរហូតដល់ទៅ ៥០ប្រកួតឯណោះ ហើយគេ ក៏បានកាន់កំណត់ត្រានេះពីមុនមក។

កាលពីរដូវកាលមុន ជារដូវកាលដំបូងរបស់ Kane ជាមួយនឹងក្រុមយក្សអាល្លឺម៉ង់ Bayern Munich កីឡាករូបនេះរកបានគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីចំនួន ៣៦គ្រាប់ ចំណោមការប្រកួតលីគកំពូលអាល្លឺម៉ង់ ៣២លើក។ ផ្លាស់ប្តូរពីក្លិប Tottenham Hotspur ទៅកាន់ Bayern Munich ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ នៅតែមិនអាចមានឱកាសឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព ទោះគេបានស៊ុតបាល់បញ្ចូលទីជួយក្រុមច្រើនក៏ដោយ។

ក្នុងរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធជួរមុខរូបនេះ បានបន្តរកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ ព្រមទាំងការស៊ុតបញ្ចូលទី ៥គ្រាប់ នៅក្នុងក្របខណ្ឌ UEFA Champions League ព្រមទាំង ១គ្រាប់ កើតមាននៅក្នុងពានរង្វាន់ German Cup ខណៈបេសកកម្មរបស់គេគឺនៅដដែលការស្វែងរកឱកាសឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព។

Bayern Munich កំពុងតែនាំមុខកំពូលតារាង Bundesliga ដោយមានគម្លាតពិន្ទុដល់ទៅចំនួន ៨ពិន្ទុ ពីក្រុម RB  Leipzig ខណៈក្រុមក៏បន្តជ័យជម្នះដោយមិនឱ្យក្រុមដទៃស៊ុតបាល់បំប៉ោងសំណាញ់ទីបានចំនួន ៦ប្រកួតជាប់គ្នា នៅរាល់គ្រប់ពានរង្វាន់។ 

នៅសប្តាហ៍ក្រោយទៀតសោត Bayern Munich នឹងត្រូវតទល់នឹងក្រុម Paris Saint Germain ដែលជាក្រុមមិនទាន់ស្គាល់រស់ជាតិចាញ់នៅឡើយក្នុងលីគបាល់ទាត់ប្រទេសបារាំង នៅក្នុងជំនួប UEFA Champions League ផងដែរ៕