លោក Masatada Ishii សម្រេចចិត្ត កោះហៅកីឡាករពីក្រៅប្រទេស៤រូប មកជួយក្រុមជម្រើសជាតិថៃ ក្នុង​ពានរង្វាន់ AFF Cup

0
29

គ្រូបង្វឹកជនជាតិជប៉ុន បានប្រកាសសមាសភាពកីឡាករថៃ ទាំង២៦រូបចុងក្រោយហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីហ្វឹកហាត់ត្រៀមប្រកួតបើកឆាកពូល A ទល់នឹងទីម័រខាងកើត នៅថ្ងៃទី៨ ខែធ្នូ។ ក្នុងចំណោមនេះ​ មានកីឡាករ៤រូប ត្រូវចាកចេញពីក្លិបរៀងខ្លួននៅក្រៅប្រទេស ក្នុងបេសកកម្មជួយជម្រើសជាតិ។

កីឡាករទាំង៤ដែលលោក Ishii កោះហៅចូលក្រុមរួមមាន Nicholas Mickelson, Supachok Sarachat, Ekanit Panya និង Patrik Gustavsson។ Mickelson ដែលមានឪពុកន័រវេស និងម្តាយថៃ ប្រកបអាជីពនៅ Odense លីគកំពូលដាណឺម៉ាក Danish Superliga ដោយបង្ហាញខ្លួន ១៦ ប្រកួតបញ្ជូនបាល់ឱ្យដៃគូសម្រេចទី ៣លើកនៅរដូវកាលនេះ។ ខ្សែការពារស្តាំវ័យ២៥ឆ្នាំរូបនេះ ធ្លាប់តំណាងឱ្យក្រុមជម្រើសជាតិន័រវេសពី U16 ដល់ U21។ Mickelson បានផ្លាស់ទៅលេងឱ្យ U23 ថៃ នៅឆ្នាំ ២០២២ មុនជាប់ឈុតធំឆ្នាំ ២០២៣។

ខ្សែបម្រើ Supachok Sarachat បង្ហាញខ្លួន ២១ប្រកួត ឱ្យ Consadole Sapporo នៃលីគកំពូលជប៉ុន J-League នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូ ៥ ដង។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បង្ហាញខ្លួនឱ្យឈុតធំថៃ ៣៦លើក ពីឆ្នាំ ២០១៧ មក។

Ekanit Panya ខ្សែបម្រើ Urawa Red Diamonds លីគកំពូលជប៉ុន និងខ្សែប្រយុទ្ធ Patrik Gustavsson ខ្សែប្រយុទ្ធ Nara នៃលីគទី៣ជប៉ុន J-League 3 នឹងត្រូវចូលរួមជួយថៃ ការពារតំណែងជើងឯកពានរង្វាន់កម្រិតអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤នេះ។

ថៃ ជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ AFF Cup នេះដោយគ្រងជើងឯកច្រើនជាងគេចំនួន៧លើក។ 

AFF Cup ដែលឈ្មោះឧបត្តម្ភ Mitsubishi Electric Cup ឆ្នាំ២០២៤ នឹងចាប់ផ្តើមយុទ្ធនាការប្រកួតវគ្គសន្សំពិន្ទុតាមពូល ពីថ្ងៃទី៨ ខែធ្នូ តទៅ ដោយចែកចេញជាពីរពូល។ ពូល A មាន ថៃ ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និងទីម័រខាងកើត និងពូល B មានឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ៕